(ភ្នំពេញ)៖ ធនាគារ មេយប៊ែង និងសាជីវកម្ម ធានា ឥណទាន កម្ពុជា (CGCC) បានប្រកាសអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ក្នុងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីជួយឲ្យពួកគាត់អាចបន្តទទួលបាន នូវគុណប្រយោជន៍យូរអង្វែង តាមរយៈកម្មវិធី «កសាងសមត្ថភាព» សម្រាប់សហគ្រាសខា្នតតូច និងមធ្យម។

ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ថែមទៅលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ដ លើគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) នៅឯវេទិកាធុរកិច្ចស្ដីអំពី «ការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា» សម្របសម្រួលដោយលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចូលរួមជាគណៈធិបតីពី លោក ណី សាកល អគ្គនាយករង នៃនិយ័តករបរធនបាលកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។

លោក ដាតុ ហានីវ ស៊ូហាឌី នាយកប្រតិបត្ដិធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៉ី បានថ្លែងថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ធនាគារ ដើម្បីធានាថាសហគ្រាសធុនតូច និងមធ្យមអាចទទួលបានឱកាសកាន់តែច្រើនជាងមុន ស្របពេលនឹងការផ្លាស់ប្តូរយ៉ាងលឿននៃបរិបទអាជីវកម្ម ជាមួយនឹងការផ្ដល់ជូនដែលជួយឲ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបានការរីកចម្រើននៅក្នុង «គន្លងថ្មី»

លោកលើកឡើងថា «ការដាក់ដំណើរការអាជីវកម្ម គឺកាន់តែលំបាក និងប្រកបដោយការប្រកួតប្រជែងយ៉ាងខ្លាំង ក្នុងកំឡុងពេលដ៏លំបាកនេះ។ ពួកយើង បានយល់ច្បាស់អំពីផលលំបាកសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយវាពិតជាមានសារៈសំខាន់ក្នុងពេលនេះដែលយើងកំពុងតែផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដល់ម្ចាស់អាជីវកម្មអាចបន្ត រីកចម្រើន ដែលជាផ្នែកមួយនៃការរួមចំណែកដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់សាជីវកម្ម ធានា ឥណទាន កម្ពុជា (CGCC) គឺជាគ ម្រោងធានា ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យមទទួលបានសេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងការធានាឥណទាន ដែលត្រូវបានប្រើជាទ្រព្យបញ្ចំា ដើម្បីកាត់បន្ថយ តម្រូវការទ្រព្យសកម្មសម្រាប់ជាជំនួយជូនដល់អតិថិជនដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម។

លោក Wong Keet Loong អគ្គនាយកសាជីវកម្ម ធានា ឥណទាន កម្ពុជា (CGCC) បានថ្លែងដែរថា៖ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) នឹងជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីក លទ្ធភាពទទួលបាន ហិរញ្ញប្បទាន ពីគ្រឹះស្ថាន ហិរញ្ញវត្ថុ ចូលរួម សម្រាប់ការកៀរគរទុនបង្វិល ការវិនិយោគ និង ការពង្រីកអាជីវកម្ម ដើម្បីរៀបចំការស្ដារឡើងវិញនៃសេដ្ឋកិច្ចកំឡុងពេលការរាតត្បាតនៃវីរុសកូវីដ-១៩»

បន្ថែមពីនេះដែរ ធនាគារ មេយប៊ែង និងសាជីវកម្ម ធានា ឥណទាន កម្ពុជា (CGCC) មានបំណងធ្វើការអភិវឌ្ឍទីផ្សារជូនដល់សហគ្រាសខា្នតតូច និងមធ្យម តាមរយៈការកសាងសមត្ថភាព និងការផ្សព្វផ្សាយដល់សហគមន៍ តាមរយៈកម្មវិធី «កសាងសមត្ថភាព» សម្រាប់សហគ្រាសខា្នតតូច និងមធ្យមទាំងអស់។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិរង និងនាយក នាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង បានថ្លែងថាកម្មវិធី «កសាងសមត្ថភាព» សម្រាប់សហគ្រាសខា្នតតូច និងមធ្យមទាំងអស់ មានគោលបំណងផ្តល់ជូននូវការគាំទ្រ និងការប្រឹក្សាយោបល់បច្ចេកទេសនានា ដែលផ្អែកទៅលើ ការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ ការរីកចម្រើន ផលិតភាពការងារ និងការច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែង និងផលិតភាពការងាររបស់សហគ្រាសខា្នតតូច និងមធ្យម ដែលរួមបញ្ចូលនូវការផ្សព្វផ្សាយនូវ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS)។

លោកបន្តថា «ស្របតាម បេសសកម្មរបស់យើងក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ការផ្ដល់ជូនរបស់ធនាគារជូនដល់សហគ្រាសធុនតូច និងមធ្យម គឺមិនត្រឹមតែសេវាកម្មហិរញ្ញវត្ថុនោះទេ ធនាគារក៏ផ្ដល់ជូននូវសេវាកម្ម ដែលមិនពាក់ព័ន្ធនឹងហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីធានាថាភាគីពាក់ព័ន្ធនៃសហគ្រាសធុនតូច និងមធ្យមទាំងអស់នៅតែអាចបន្តរីកចម្រើន និងមានលទ្ធភាពអាចប្រកួតប្រជែងបាន»