(ភ្នំពេញ)៖ សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នឹងអនុវត្តការណែនាំតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ក្នុងការបោះពុម្ពផ្សាយសារ ព្រមានសុខភាពរូបភាពថ្មី នៅលើកញ្ចប់បារី និងចូលរួមផ្សព្វផ្សាយអំពីសេចក្តីណែនាំនេះ ទៅដល់អាជីវករទូទាំងប្រទេសឲ្យបានជ្រួតជ្រាប ជាកិច្ចចូលរួមចំណែកពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងថ្នាំជក់នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ATIC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានតម្រូវឲ្យបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពថ្មី ទំហំ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់។ រូបភាព បង្ហាញអំពីការជក់បារីអាចបណ្តាលឲ្យកើតជំងឺសរសៃឈាមលើស្បែក និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការអនុវត្ត នឹងចាប់ផ្តើមប្រសិទិ្ធភាពចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ ហើយផលិតផលដែលស្របច្បាប់ និងបានបង់ពន្ធ គឺនៅអាចលក់លើទីផ្សារបានដូចធម្មតា រហូតដល់អស់ពីស្តុក។

ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា លោក រ៉យ ម៉ាណាលីលី (Roy Manalili) បានថ្លែងថា សមាជិករបស់សមាគម ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ដូចជា ក្រុមហ៊ុន JTI, BAT, Imperial និង PMI បានសហការគ្នាផលិតផ្ទាំងអប់រំផ្សព្វផ្សាយ អំពីសេចក្តីណែនាំនេះ ហើយក្រុមការងារផ្នែកលក់របស់សមាជិក បានដើរចែកចាយនិងបិតផ្សាយផ្ទាំងអប់រំនេះ នៅតូបជាង ២ម៉ឺន ទូទាំងប្រទេស។

លោកបានបញ្ជាក់ថា៖ «សមាជិករបស់យើង បានបោះពុម្ពផ្សាយសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព នៅលើកញ្ចប់ផលិតផលរបស់យើង ស្របទៅតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល និងចេញទៅលើទីផ្សារតាមកាលកំណត់នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១។ សមាគមយើង រីករាយក្នុងអនុវត្ត និងគាំទ្រអាជ្ញាធរអនុវត្តច្បាប់ ក្នុងដំណើរការលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងបរិយាកាសប្រកួតប្រជែងប្រកបដោយភាពស្មើគ្នា»

តាមការសិក្សាស្រាវជ្រាវអំពីពាណិជ្ជកម្មបារីខុសច្បាប់នៅកម្ពុជា ធ្វើឡើងដោយស្ថាប័នអន្តរជាតិដែលមានឈ្មោះបោះសម្លេងក្រុមហ៊ុន Kantar (កាន់តា) កាលពីចុងឆ្នាំមុន បានរកឃើញថា ផលិតផលបារីក្នុងស្តុកសរុប មានចំនួនប្រមាណ ៤,៧លានកញ្ចប់ ដែលក្នុងនោះ ៣,៤លានកញ្ចប់ ជាបារីស្របច្បាប់ និង ១,៣លានកញ្ចប់ ជាបារីគ្មានអនុលោមភាពសារព្រមានសុខភាព (ឬស្មើនឹង ២៧%នៃចំនួនសរុប)។ តាមការវិភាគបានប៉ាន់ប្រមាណថា ក្នុងចំណោមផលិតផលបារីមិនស្របច្បាប់ទាំងនោះ មានបារីខុសច្បាប់ចំនួន ១៨% ជាផលិតផលដែលមិនបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព និងតែមប្រិ៍អាករបារី នៅលើកញ្ចប់បារី។ នេះជាតួលេខខ្ពស់គួរឲ្យកត់សម្គាល់ ដែលនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរដល់អនុលោមភាពនៃច្បាប់ និងបទបញ្ញត្តិជាធរមាន ព្រមទាំងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើគោលនយោបាយគ្រប់គ្រងថ្នាំជក់នៅកម្ពុជា ។

«យើងជឿជាក់ថា សកម្មភាពជាអាទិភាពចំពោះមុខរបស់ក្រសួងសុខាភិបាល ដើម្បីពង្រឹង និងអនុវត្តបទបញ្ញត្តិជាធរមាន លើផលិតផលថ្នាំជក់ដែលមិនមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព ជាជំហានចំបងជាសារវ័ន្ត ជាជាងការដាក់ចេញនូវសារព្រមានសុខភាពថ្មី ឬការពង្រីកទំហំសារព្រមានសុខភាព ព្រមទាំងធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ និងស្មើភាព ក្នុងន័យគាំទ្រដល់បរិយាកាសធុរកិច្ចដោយតម្លាភាព ស្របតាមកំណែទម្រង់ គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់បន្ថែមដោយលោក រ៉យ ម៉ាណាលីលី (Roy Manalili) ៕