(លីស្បោន)៖ ខ្លាកំណាចប្រចាំទ្វីបអឺរ៉ុបទាំងពីររួមមាន រាជសីរោមព័រទុយហ្គាល់ និងអាសូរីអ៉ីតាលី មានមួយនឹងអត់បានទៅលេងពានបាល់ទាត់ពិភពលោកឆ្នាំក្រោយ FIFA World Cup 2022 នៅប្រទេសកាតា ក្រោយចាប់ឆ្នោតស្ថិតក្នុង Port C ជាមួយគ្នា។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ជាអកុសលដែលអតីតជើងឯកពាន Euro 2016 ព័រទុយហ្គាល់ និងឆ្នាំ២០២០ អ៉ីតាលី ត្រូវបាន UEFA ចាប់ក្រុមស្ថិតក្នុង Port C ជាមួយគ្នានៅពេលអ៉ីតាលី ប៉ះក្រុមភ្ញៀវម៉ាសេដូនីខាងជើង និងព័រទុយហ្គាល់ជួបតួកគី មុនពេលក្រុមឈ្នះត្រូវប៉ះគ្នាក្នុងការដណ្តើមកៅអីទៅបំពេញ ១៣ក្រុមចេញពីទ្វីបអឺរ៉ុប សម្រាប់ World Cup 2022 ដ្បិតតួកគី និងម៉ាសេដូនីខាងជើង ក៏ត្រូវគួរមើលរំលេងក្នុងវគ្គជម្រុះនេះដែរ។

បណ្តាញព័ត៌មានខាងលើបានបញ្ជាក់ថា ការប្រកួតដែលធ្វើឡើងតែ ១ជើងនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះនារាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គឺព័រទុយហ្គាល់ និងអ៉ីតាលី ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះដូចគ្នា មុនពេលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២៩ ខែដដែល នៅទឹកដីប្រទេសព័រទុយហ្គាល់ ឬតួកគី។

ដូចគ្នានោះដែរ ក្រុមជម្រើសជាតិវ៉េលមាន Daniel James, Aaron Ramsey និង Gareth Gale ជាដើមនោះ បានរង់ចាំលេង World Cup លើកដំបូង ក្រោយរង់ចាំអស់ ៦៤ឆ្នាំនោះ ត្រូវប៉ះក្រុមខ្លាំងអូទ្រីស គ្រាដែលស្កុតឡេនរង់ចាំអស់ ២៤ឆ្នាំ ត្រូវធ្វើជាម្ចាស់ផ្ទះប៉ះអ៊ុយក្រែនក្នុងវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអឺរ៉ុប UEFA ដូចគ្នា គ្រាដែលរុស្ស៊ី ស្វាគមន៍ប៉ូឡូញ និងស៊ុយអែត ប៉ះសាធារណរដ្ឋឆេក៕