(ភ្នំពេញ)៖ ជំងឺកូវីដ-១៩ ដែលឆ្លងរាតត្បាតទូទាំងសាកលលោក បានបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង។

ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឲ្យរំខានដល់ប្រព័ន្ធអប់រំ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់។ ហើយ SIS Cambodia បានត្រូវបង្កើតឡើងដើម្បីដើរតួជាដំណោះស្រាយមួយចំពោះភាពប្រឈមនេះ។

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន បានថ្លែងថា ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (School Information System ‘SIS’) ជាកម្មវិធីដ៏មានសារប្រយោជន៍ចំពោះទាំងសិស្ស និងទាំងគ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងនេះ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ជាមួយនឹងប្រព័ន្ធ SIS លោកគ្រូអ្នកគ្រូអាចកំណត់កាលវិភាគសម្រាប់ថ្នាក់រៀនទាំងផ្ទាល់ ទាំងតាមអនឡាញ ក្នុងនោះរួមមានមុខងារជាច្រើន ដូចជា កែនិងដាក់ពិន្ទុលំហាត់ បង្រៀនថ្នាក់រៀនតាមវីដេអូអនឡាញ ការផ្ញើសារទៅសិស្សនិងអាណាព្យាបាល ការផ្ដល់ចំណាត់ថ្នាក់ប្រចាំឆ្នាំ និងមុខងារប្រឡង ជាដើម»

លោកបានបន្ថែមថា៖ «កម្មវិធី SIS នេះអាចធ្វើទាំងកិច្ចការជាប្រពៃណីដែលគ្រូបង្រៀនធ្វើទម្លាប់ប្រចាំថ្ងៃបានផង ហើយក៏អាចធ្វើបានកាន់តែល្អថែមទៀត នៅលើអនឡាញ ទោះស្ថិតនៅទីកន្លែងណាក៏ដោយ ដោយគ្រាន់តែប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះ»។

មនុស្សជំនាន់សព្វថ្ងៃត្រូវការប្រើប្រាស់ប្រព័ន្ធអប់រំឌីជីថល ដែលធ្វើទំនើបកម្មវិធីសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា រាប់តាំងពីសាលារៀននៅតាមទីក្រុងរហូតដល់សាលារៀននៅតាមខេត្តផងដែរ។

ដោយផ្លាស់ប្ដូរវិធីរៀនរបស់សិស្សានុសិស្ស SIS Cambodia បានជួយរួមចំណែកធ្វើឲ្យវិស័យអប់រំមានភាពប្រសើរឡើង ដោយបង្កើតបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាពសម្រាប់ទាំងសិស្ស ទាំងគ្រូ។

ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

តាមគម្រោងផែនការ SIS នឹងត្រូវដាក់ពង្រាយទៅកាន់សាលារៀនប្រមាណ ១០០០កន្លែង នៅទូទាំងប្រទេស ហើយក្នុងដំណាក់កាលដំបូង ប្រព័ន្ធនេះបានដាក់ពង្រាយរួចជាស្រេចហើយ ទៅដល់សាលារៀនជាង ៣០០កន្លែង ដែលមានសិស្សានុសិស្សជាង ៣សែននាក់ និងគ្រូជាង ២ម៉ឺននាក់។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន មិត្តហ្វូន។

មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន។

ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល មិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែលបម្រើសេវាកម្មដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស៕