(ភ្នំពេញ)៖ ក្រុមការងាររៀបចំការសម្តែងល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឧស្សា» បានសម្រេចរៀបចំកំណត់ការសម្តែងជាថ្មីរយៈពេល២ថ្ងៃ គឺថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូខាងមុខនេះ បន្ទាប់ពីអាក់ខានមួយរយៈធំ ដោយសារជំងឺកូវីដ-១៩។

តាមសេចក្តីជូនដំណឹងដែល Fresh News Plus ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមការងាររៀបចំសម្តែងល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឧស្សា» បានប្រកាសពីការបើកសម្តែងឡើងវិញ និងបានជូនដំណឹងដល់ទស្សនិកជន ដែលមានសំបុត្រចូលរួមទស្សនា អាចអញ្ជើញមកដូរយកសំបុត្រថ្មី ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅសាលមហោស្រពចតុមុខ។

គួរជម្រាបថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺរាតត្បាត និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ពីជំងឺរាតត្បាតកូវីដ១៩ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ការសម្តែងល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឧស្សា» ដែលគ្រោងធ្វើឡើងតាំងពីឆ្នាំ២០២០ ត្រូវបានពន្យារពេលម្តងជាពីរដងរួចមកហើយ។ រហូតមកដល់ចុងឆ្នាំ២០២១នេះ ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ទើបក្រុមការងារសម្តែងល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឧស្សា» ប្រកាសពីការសម្តែងព្រឹត្តិការណ៍នេះឡើងវិញ ដូចបានជម្រាបជូនខាងលើ៕