(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកអន្ដរជាតិកម្រិត១ ដែលរៀបចំដោយសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ចប់ដោយជោគជ័យ ក្រោយរៀបចំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះវគ្គនេះ ដើម្បីពង្រឹងការអភិវឌ្ឍ និងផលិតនូវធនធានកីឡាករ-កីឡាការិនីឆ្នើមត្រៀមការប្រកួតអន្ដរជាតិនានា ។

លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយម ចំពោះសិក្ខាកាមក្នុងវគ្គនេះ ដែលខិតខំសិក្សា និងក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីបន្ដអភិវឌ្ឍន៍សមត្ថភាពខ្លួន សម្រាប់ពង្រឹងការបណ្ដុះបណ្ដាលបន្ដដល់កីឡាករ-កីឡាការិនីឲ្យកាន់តែមានសមត្ថភាព និងបច្ចេកទេស ដើម្បីត្រៀមការប្រកួតនានា ពិសេសគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា វគ្គនេះគឺជាវគ្គដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ និងជួយពង្រឹងដល់គុណភាពចំណេះដឹងរបស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាមួយការសិក្សាតាមរបៀបរបបបច្ចេកទេសអន្តរជាតិ ស្របតាមនិយាមសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន១០ ។ នេះគឺជាផែនការកសាងធនធានមនុស្សឆ្ពោះទៅឆ្នាំ២០២៣ របស់សហព័ន្ធ និងជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រធានសហព័ន្ធលោក ប៉ាន សូរស័ក្ដិ ។

លោកថា ទោះបីមានរយៈពេលខ្លី តែសិក្ខាកាមបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ដែលជាសញ្ញាណវិជ្ជមាន សម្រាប់ធនធានគ្រូបង្វឹកកម្ពុជា ដើម្បីបន្ដរួមចំណែកពង្រឹងការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជា ដែលមិនត្រឹមតែត្រៀមស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជានោះទេ តែជាគោលដៅយូរអង្វែរ ក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយជូនជាតិក្នុងការប្រកួតអន្ដរជាតិនានា រួមទាំងត្រៀមការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជា ទើបចុះហត្ថលេខាទទួលសិទ្ធធ្វើម្ចាស់ផ្ទះ នៅទីក្រុងឌូបៃ កាលពីថ្មីៗផងដែរ ៕