(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ហង្សមាស នឹងនាំចំណីចក្ខុខ្នាតធំមកជូនមហាជនទស្សនាទៀតហើយ ក្រោយខនខានចេញបេសកកម្ម ផលិតកម្មវិធីខ្នាតអន្តរជាតិមួយរយៈធំ ដោយសារកូវីដកន្លងមក ឥឡូវនេះ ហង្សមាស ដែលជាទូរទស្សន៍លេចធ្លោបំផុត ខាងផលិតកម្មវិធីធំៗលំដាប់ពិភពលោក បាន ចេញប្រកាសជាផ្លូវការ នូវការចាប់ផ្តើមចាក់ផ្សាយកម្មវិធីប្រឡងចម្រៀង ដ៏ធំលំដាប់ពិភពលោកថ្មីមួយទៀត គឺ «BEAT THE BEST» ដែលនឹងចាក់ផ្សាយជូនទស្សនា នូវសប្តាហ៍ដំបូងនៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ នេះហើយ។

Trailer ផ្សព្វផ្សាយថ្មីចុងក្រោយបំផុត ដែលទើបនឹងបង្ហោះកាលពីព្រឹកមិញនេះ នៅលើទំព័រផ្លូវការ របស់ទូរទស្សន៍ហង្សមាស HDTV បានញ្ចេញនូវឈុតសកម្មភាពខ្លះរបស់បេក្ខជន និងគណៈកម្មការដ៏ល្បីទាំង ៤រូប នៅក្នុងវគ្គដំបូងដែលត្រៀមនឹងចាក់ផ្សាយនេះ។ លោក ឆន សុវណ្ណរាជ, អ្នកនាង ពេជ្រ សោភា, លោក នីកូ, កញ្ញា ផន ស្រីខួច បានរំលេចខ្លួនយ៉ាង លេចធ្លោ ក្នុងនាមជាគណៈកម្មការ ដែលមានសិទ្ធកំណត់លើជោគវាសនាបេក្ខជនដែល «អាច ឬ មិនអាច» បន្តទៅមុខទៀតបាន។

តាមប្រភពជិតដិត នឹងអ្នកផលិតកម្មវិធីបានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ទស្សនិកជននឹងប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «BEAT THE BEST» នេះ ព្រោះគ្រប់វគ្គប្រកួតសុទ្ធតែប្លែក ខុសពីកម្មវិធីផ្សេងៗ ហើយគ្រប់យ៉ាងនៅក្នុងកម្មវិធីនេះ គឺធ្វើឡើងយ៉ាងល្អិតល្អន់ និយាយរួមគឺកម្មវិធីកម្រិតពិភពលោក គុណភាពក៏ត្រូវតែតាមហ្នឹងដែរ។

សូមរង់ចាំទស្សនាទាំងអស់គ្នានៅដើមខែក្រោយនេះ៖