(ភ្នំពេញ)៖ ដើម្បីបង្ការការរីករាលដាល ឬការឆ្លងជំងឺកូវីដ-១៩ ដោយប្រការណាមួយ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ AFF Suzuk Cup បានអនុញ្ញាតឲ្យក្រុមចូលរួមទាំងអស់ នាំយកកីឡាករក្នុងបញ្ជីឈ្មោះចុងក្រោយរបស់ក្រុមជម្រើសជាតិនីមួយៗចំនួន ៣០នាក់ សម្រាប់ចូលរួមការប្រកួតព្រឹត្តិការណ៍ ឆ្នាំ២០២០ ដែលនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា នេះគឺជាគោលការណ៍ថ្មី មិនធ្លាប់មានក្នុងពានរង្វាន់ប្រចាំតំបន់នេះ តែដោយសារការបារម្ភនូវការឆ្លងនូវជំងឺកូវីដ-១៩ គណៈកម្មការការរៀបចំពាន AFF Suzuki Cup ក៏បានសម្រេចឲ្យក្រុមនីមួយៗនាំយកកីឡាករបញ្ជីចុងក្រោយដល់ទៅ ៣០នាក់ ផ្ទុយពីសព្វដង ដែលអនុវត្តតាមស្ដង់ដារត្រឹម ២៣នាក់ប៉ុណ្ណោះ។ ការណ៍នេះហើយ ដែលនាំឲ្យកម្ពុជា កោះហៅកីឡាករ ៣០នាក់ប្រមូលផ្ដុំលើកនេះ។

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License ខាងលើ បន្ដថា «បើនិយាយពីការផ្លាស់ប្ដូរនូវសមាសភាពកីឡាករលើកនេះ ជាទូទៅបញ្ជីឈ្មោះចុងក្រោយ យើងមិនធ្លាប់មាន នៃការនាំកីឡាករច្រើនទេ តែលើកនេះ ដោយសារតែគេខ្លាចមានបញ្ហាកើតឡើងដោយប្រការណាមួយ សម្រាប់គណៈកម្មការ AFF Suzuki Cup អ៊ីចឹងគេអនុញ្ញាតឲ្យយើងនាំកីឡាករក្នុងបញ្ជីចុងក្រោយទៅចំនួន ៣០នាក់ ។ តែរាល់ការប្រកួតយើងចុះបញ្ជីតែ ២៣នាក់ទេ ដែលនេះជាប្រការមួយដ៏ល្អ»។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose សហព័ន្ធបានកោះហៅកីឡាករ ៣០នាក់ធ្វើការប្រកួតហ្វឹកហាត់ត្រៀមចូលរួមពានរង្វាន់ប្រចាំតំបន់ខាងលើ រួមមានកីឡាករវិសាខា ៦នាក់, បឹងកេត ៥នាក់, ព្រៃវែង ៥នាក់, ភ្នំពេញក្រោន ៥នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, ណាហ្គាវើលដ៏ ២នាក់, កងយោធពលខេមរភូមិន្ទម្នាក់ និងអគ្គិសនីកម្ពុជាម្នាក់ ដែលបានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង កាលពីល្ងាចមិញ នៅកីឡដ្ឋានស្ដាតចាស់។

ក្រុមជម្រើសជាតិកម្ពុជា គ្រោងចេញដំណើរទៅសិង្ហបុរី នាថ្ងៃទី០២ ខែធ្នូខាងមុខ មុនជំនួបបើកឆាកពូល B ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ បេសកកម្មក្នុងពានរង្វាន់ AFF Suzuki Cup 2020 នេះ កម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ ។ រីឯពូល A មាន ៥ក្រុមដូចគ្នា រួមមានអតីតក្រុមជើងឯក ៥សម័យថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត និងម្ចាស់ផ្ទះសិង្ហបុរី៕