(ម៉ាណាម៉ា)៖ វិស័យបាល់ទាត់ ជាផ្នែកមួយនៃកីឡា នឹងងើបឡើងវិញ ក្នុងឆ្នាំ២០២២ បន្ទាប់ពីមានការធូរស្បើយខ្លាំង ក្នុងឆ្នាំ២០២១នេះ ពីការរីករាលដាលនៃជំងឺកូវីដ១៩, នេះបើតាមការបញ្ជាក់ពី ប្រធានសហព័ន្ធបាល់ទាត់អាស៊ី (AFC) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ប្រធាន AFC លោក Sheikh Salman bin Ebrahim Al Khalifa បានលើកឡើងថា វិស័យកីឡា គឺបានធូរស្បើយ "យឺតប៉ុន្តែច្បាស់លាស់" បន្ទាប់ពីមានភាពមិនប្រាកដប្រជា ក្នុងឆ្នាំ២០២០ ហើយមានភាពរឹងមាំជាងពេលណាៗទាំងអស់ ពីការរីករាលដាលនៃមេរោគ។ ការលើកឡើងនេះ លោកបានធ្វើឡើងនៅក្នុងសន្ទរកថាស្វាគមន៍ សមាជ AFC លើកទី៣១ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅទីក្រុង Manama ប្រទេសបារ៉ែន។

"ឆ្នាំខាងមុខនេះ នឹងក្លាយជារយៈពេលដ៏សំខាន់ សម្រាប់ AFC និងសមាជិករបស់ខ្លួន ខណៈដែលអាស៊ីនឹងក្លាយជាមជ្ឈមណ្ឌល នៃបាល់ទាត់ពិភពលោក", នេះបើតាមសម្តីលោក Sheikh Salman bin Ebrahim Al Khalifa។

នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ខាងមុខ នៅប្រទេសកាតា, លោក Shaikh Salman បានពង្រឹងឲ្យមានការគាំទ្រ គ្រួសារបាល់ទាត់អាស៊ី ឆ្ពោះទៅកាន់ប្រទេសកាតា ក្នុងការផ្តល់នូវជំនឿដ៏រឹងមាំ នៃបាល់ទាត់ពិភពលោក ខណៈដែលទ្វីបមួយនេះ រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជាលើកទីពីរ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕