(ភ្នំពេញ)៖ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡតំណាងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បានចាកចេញពីមាតុប្រទេសនៅថ្ងៃនេះហើយ ដើម្បីចូលរួមប្រកួតកម្មវិធី «Miss Universe» ជាលក្ខណៈអន្តរជាតិ ជាមួយបណ្ដាបេក្ខនារីផ្សេងទៀត មកពីជុំវិញពិភពលោកនៅក្នុងប្រទេសអ៉ីស្រាអែល ខណៈដែលប្រទេសមួយនេះ ត្រូវបានរាយការណ៍មកថា ទើបរកឃើញវីរុសកូវីដ-១៩ បំប្លែខ្លួនងថ្មី «Omicron»។

បើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មកទល់ពេលនេះ ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងផ្សេងទៀត ដូចជាបុតស្វាណា, ទីក្រុងហុងកុងរបស់ចិន, ប្រទេសអ៊ីស្រាអែល និងប្រទេសប៊ែលហ្សិក សុទ្ធតែបានប្រកាសរកឃើញ ករណីឆ្លងដំបូងៗនៃវីរុសបំប្លែងថ្មី Omicron។

តាមផេកផ្លូវការរបស់ Miss Universe Cambodia នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញពីសកម្មភាពរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ រៀបចំចេញដំណើរទៅប្រទេសអ៉ីស្រាអែល ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe» ដែលជាកម្មវិធីប្រឡងបវរកញ្ញាលក្ខណៈអន្តរជាតិដ៏ធំមួយ ធ្វើឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំនេះ ត្រូវបានគេដឹងថា ជាលើកទី៧០ នៃការរៀបចំកម្មវិធី «Miss Universe» ដែលគ្រោងធ្វើឡើងនៅទីក្រុង Eilat ប្រទេសអ៉ីស្រាអែល។

ជារៀងរាល់ឆ្នាំកម្ពុជាតែងតែបញ្ចូនបេក្ខនារី ជាបវរកញ្ញាតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតក្នុងកម្មវិធីនេះ ខណៈឆ្នាំនេះ គឺកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ «Miss Universe Cambodia» ឆ្នាំ២០២១។ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេដឹងថា មិនត្រឹមតែជាតារាបង្ហាញម៉ូត ដែលមានរូបសម្រស់ស្រស់សោភានោះទេ ថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ។ តារាស្រីរូបនេះ គឺជាបេក្ខភាពលេចធ្លោម្នាក់ ចាប់តាំងពីផ្តើមនៃកម្មវិធីប្រកួត។ ងិន ម៉ារ៉ាឌី មានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រ៕