(ភ្នំពេញ)៖ លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយនូវយីហោម៉ាកល្បីៗ ដូចជា ម៉ាក LG និង Panasonic ជាដើម ប៉ុន្តែលោកអ្នកប្រហែលជាមិនធ្លាប់បានជ្រាបទេថា នៅពីក្រោយភាពល្បីល្បាញនៃយីហោទាំងអស់នេះ គឺមានក្រុមហ៊ុនកូនខ្មែរដែលជាអ្នកនាំយកផលិតផលម៉ាកល្បីៗយកមកអង្រួនទីផ្សារនៅប្រទេសកម្ពុជា នោះគឺជាក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group)។

ក្រុមហ៊ុន ជីហ្គៀ គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយផ្តើមចេញពីក្រុមហ៊ុននាំចូលផលិតផលអេឡិចត្រូនិចឈានមុខគេមួយនៅក្នុងប្រទេស ដោយកាលណោះក្រុមហ៊ុនកូនខ្មែរមួយនេះមានឈ្មោះដើមថា ជីហ្គៀ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានក្លាយជាក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេមួយដែលនាំចូលនិងចែកចាយផលិតផលម៉ាក LG ក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងនោះមានដូចជាម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ ទូរទឹកកក ទូរទស្សន៍ ឧបករណ៍បំពងសំឡេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ ជីហ្គៀ គ្រុប ក៏ជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុន Panasonic ក្នុងការនាំចូលនិងចែកចាយម៉ាស៊ីនបោកគក់ ទូរទឹកក និងឧបរកណ៍ប្រើប្រាស់នៅក្នុងផ្ទះជាច្រើន រួមមាន Microwave និង Home Shower។ លើសពីនេះទៀត ក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏ជាដៃគូតែមួយគត់របស់ក្រុមហ៊ុនជណ្តើរយន្តដ៏ល្បីឈ្មោះ ម៉ាក់ HYUNDAI Elevator ដោយក្រុមហ៊ុន ជីហ្គៀ គ្រុប ទទួលបានសិទ្ធនាំចូលនិងដំឡើងផ្តាច់មុខសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជា។

គិតត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប មានបុគ្គលិកបម្រើការងារសរុបប្រមាណ៧៤០នាក់ ដែលសុទ្ធសឹងតែជាសិស្ស និស្សិត និងបញ្ញាវន្តខ្មែរទាំងអស់។ អ្វីដែលគួរឱ្យកោតសរសើរជាងនេះ គឺនៅឆ្នាំ២០១៧ ក្រុមហ៊ុនកូនខ្មែរ ជីហ្គៀ គ្រុប ទទួលបាននូវវិញ្ញាបនបត្រស្តង់ដា ISO 9001:2015 ដែលជាស្តង់ដាគុណភាពលើប្រព័ន្ធគ្រប់គ្រង (On Management System) នៅក្នុងក្រុមហ៊ុន។ កាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនក៏ទើបតែទទួលបាន ISO 45001:2018 ស្តីពីប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារត្រឹមត្រូវតាមស្តង់ដាដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ថែមទៀតផង។

ដោយសារតែក្រុមហ៊ុនកាន់តែរីកដុះដាលឡើងនោះ នៅឆ្នាំ២០១៩ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធធំៗជាផ្លូវការចំនួន៥ ក្នុងនោះរួមមាន៖

* ក្រុមហ៊ុន GGEAR Trading ផ្តោតសំខាន់លើការចែកចាយ ផលិតផលម៉ាក LG ម៉ាក Panasonic ម៉ាក Master Plug និងម៉ាក Luceco ក្នុងទីផ្សារប្រទេសកម្ពុជា។

* ក្រុមហ៊ុន GGEAR Retail វិនិយោគលើការលក់រាយគ្រឿងអេឡិចត្រូនិច ដែលបានបង្កើតហាងទំនើបឈ្មោះថា LG BRANDSHOP, PHUM Electronics និងមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល LG ក្នុងប្រទេសកម្ពុជា។

* ក្រុមហ៊ុន GGEAR COmmercial ជាក្រុមហ៊ុនឈានមុខគេលើការដំឡើងប្រព័ន្ធទឹក ភ្លើង និងទូរទស្សន៍ឌីជីថល ម៉ាស៊ីនបោកគក់សម្រាប់អាជីវកម្ម និងប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំសម្រាប់អគារពាណិជ្ជកម្ម ផ្សារទំនើប និងសាលារៀន។

* ក្រុមហ៊ុន GGEAR Elevator ជាក្រុមហ៊ុននាំចូលចែកចាយដំឡើងជណ្តើរយន្ត និងចំណតរថយស្វ័យប្រវត្តិ ដែលមានតែមួយគត់នៅកម្ពុជា។

* ក្រុមហ៊ុន GGEAR Pronith ដែលជាក្រុមហ៊ុនឯកទេសក្នុងការដំឡើងទ្វារបង្អួច uPVC ដ៏ប្រណីតសម្រាប់គេហដ្ឋាន និងការរស់នៅបែបសម័យថ្មីនៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

ជាមួយនឹងភាពជោគជ័យយ៉ាងរឹងមាំ ដែលពីមុនធ្លាប់តែជាអាជីវកម្មតូចមួយមានបុគ្គលិកបម្រើការងារប្រមាណជា២០នាក់ ប៉ុន្តែពេលនេះមានបុគ្គលិករាប់រយនាក់ និងមានកំណើនលក់រាប់លានដុល្លារក្នុងមួយឆ្នាំៗនោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏មិនភ្លេចនោះដែរនូវការចូលរួមយ៉ាងសកម្មជាមួយសកម្មភាពសង្គមនានា ជាពិសេសជាមួយនឹងអង្គការសង្គមស៊ីវិល និងតែងតែចូលរួមសកម្មភាពជាមួយសមាគមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យបាលជំងឺជូនប្រជាជននៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ ព្រមទាំងចូលរួមសកម្មភាពជាមួយក្រសួងសុខាភិបាល ក៏ដូចជាជួយរៀបចំហេដ្ឋារចនាសម្ពន្ធមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនកូនខ្មែរ ជីហ្គៀ គ្រុប មានចក្ខុវិស័យចង់ក្លាយជាសាជីវកម្មលេចធ្លោមួយដែលមានសក្តានុពលជួញជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តចែករំលែកនូវគុណតម្លៃជាមូលដ្ឋានគ្រឹះ និងវឌ្ឍនភាពរបស់មនុស្សជាតិក្នុងបរិបទរស់នៅប្រកបដោយភាពវៃឆ្លាត តាមរយៈអាជីវកម្មចម្បងៗរបស់ក្រុមហ៊ុនទាំង៥ខាងលើនេះ ដោយផ្តោតសំខាន់ទៅលើពាណិជ្ជកម្ម ផលិតកម្ម សេវាកម្ម និងដំណោះស្រាយសម្រាប់សំណង់អគារនៅក្នុងប្រទេសកម្ពុជាផងដែរ៕