(ភ្នំពេញ)៖ នៅពេលភាគីព្រមព្រៀងគ្នាបង្កើតកិច្ចសន្យា ភាគីត្រូវអនុវត្តតាមសិទ្ធិ និងកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យា ប៉ុន្ដែផ្ទុយទៅវិញប្រសិនបើមានភាគីម្ខាងណាមិនអនុវត្តកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យាទេ ភាគីម្ខាងទៀតអាចប្រើប្រាស់វិធីសង្គ្រោះចំពោះការមិនអនុវត្តកាតព្វកិច្ចនោះបាន តាមរយៈការទាមទារឱ្យអនុវត្ដដោយបង្ខំ សងសំណងនៃការខូចខាត ឬរំលាយកិច្ចសន្យា។ សំណងនៃការខូចខាតជាវិធីសង្រ្គោះមួយក្នុងចំណោមវិធីសង្គ្រោះផ្សេងៗទៀត ដែលត្រូវបានប្រើប្រាស់ដើម្បីសងការខូចខាតផ្សេងៗដែលម្ចាស់បំណុលទទួលរង ដោយសារការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល។

តើអ្វីទៅជាសំណងការខូចខាត? សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី សំណងការខូចខាត មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

ជាគោលការណ៍សំណងការខូចខាត ដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល ត្រូវសងទៅម្ចាស់បំណុលជាប្រាក់ (មាត្រា៤០៤ នៃក្រមរដ្ឋប្បវេណី) ប៉ុន្ដែប្រសិនបើគូភាគីបានសន្យាពិសេសផ្សេងពីនេះ សំណងនៃការខូចខាតអាចត្រូវផ្លាស់ប្ដូរទៅតាមការសន្យាពិសេសរបស់គូភាគីផងដែរ។ ឧទាហរណ៍ ករណីបែកវត្ថុតម្រូវឱ្យជួសជុសវត្ថុនោះវិញ ជាដើម។ កូនបំណុលត្រូវសងសំណងនៃការខូចខាតទៅម្ចាស់បំណុលចំពោះ ការខូចខាតដែលកើតឡើងជាធម្មតា និង ការខូចខាតដែលកើតឡើងដោយ សារកាលៈទេសៈពិសេស។

ការខូចខាតដែលកើតឡើងជាធម្មតា គឺជាការខូចខាតដែលនឹងកើតឡើងដោយសារកូនបំណុលមិនអនុវត្តកាតព្វកិច្ច។ ឧទាហរណ៍ ករណីអ្នកលក់មិនព្រមប្រគល់កម្មវត្ថុនៃការទិញលក់តាមការកំណត់ទៅឱ្យអ្នកទិញ ការបាត់បង់ផលប្រយោជន៍របស់អ្នកទិញដែលកើតចេញ ពីការមិនអនុវត្តកាតព្វកិច្ចរបស់អ្នកលក់ គឺជាការខូចខាតដែលកើតឡើងជាធម្មតា។ ការខូចខាតដែលកើតឡើងដោយសារកាលៈទេសៈពិសេស គឺជាការខូចខាតដែលភាគីអាចព្យាករបានថានឹងអាចកើតមានឡើងនៅពេលធ្វើកិច្ចសន្យា។ ឧទាហរណ៍ កិច្ចសន្យាដឹកជញ្ជូនគំនូរមានតម្លៃខ្ពស់ និងងាយស្រួលធ្វើឱ្យខូចខាត ឬបាត់បង់ ប្រសិនបើអ្នកដឹកជញ្ជូនបានធ្វើឱ្យគំនូរខូចខាត ឬបាត់បង់ដោយ សារកំហុសរបស់ខ្លួន នោះម្ចាស់គំនូរអាចធ្វើការទាមទារសំណងការខូចខាត ដែលមានចំនួនទឹកប្រាក់ច្រើនដោយអះអាងថាការខូចខាតជាការខូចខាត ដែលកើតឡើងដោយសារកាលៈទេសៈពិសេស។

លក្ខខណ្ឌដើម្បីទាមទារសំណងនៃការខូចខាតរួមមាន៖ ការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល, អត្ថិភាពនៃការខូចខាត, កំហុសរបស់កូនបំណុល និងទំនាក់ទំនងហេតុនិងផល មានន័យថាការខូចខាតរបស់ម្ចាស់បំណុល គឺកើតចេញពីកំហុសរបស់កូនបំណុលដោយផ្ទាល់ ដែលមិនបានអនុវត្តកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យា។ ឧទាហរណ៍ ក និង ខ បានចុះកិច្ចសន្យាទិញលក់ផ្ទះជាមួយគ្នា។ បន្ទាប់ពី ក បានប្រគល់ប្រាក់ថ្លៃទិញផ្ទះចប់សព្វគ្រប់ហើយ ខ មិនបានប្រគល់ផ្ទះតាមការកំណត់ដូចក្នុងកិច្ចសន្យានោះទេ ជាហេតុធ្វើឱ្យ ក ត្រូវជួលផ្ទះសំណាក់ដើម្បីស្នាក់នៅជាបណ្ដោះអាសន្នសិន ហេតុនេះថ្លៃឈ្នួលជួលផ្ទះសំណាក់នោះ គឺជាការខូចខាតរបស់ ក ដែលកើតចេញពីកំហុសដោយផ្ទាល់របស់ ខ ដែលមិនអនុវត្តកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យាទិញលក់រវាងភាគីទាំងពីរ។

ម្ចាស់បំណុលអាចទាមទារសំណងការខូចខាតពីកូនបំណុលនូវ៖ ផលប្រយោជន៍ពីការអនុវត្តដែលខ្លួនទទួលបានដោយកិច្ចសន្យា, ចំណាយដែលគ្មានប្រយោជន៍ដោយសារការមិនអនុវត្ដ, ចំណាយដែលបង្កើនឡើងដោយសារការមិនអនុវត្តកាតព្វកិច្ច និងសំណងការខូចខាតខាងផ្លូវចិត្ដ។ ឧទាហរណ៍ ក បានទិញរថយន្ដពី ខ តម្លៃ ២.០០០ USD ដើម្បីលក់បន្ដឱ្យ គ ក្នុងតម្លៃ ៣.០០០ USD។ បន្ទាប់ពី ក បានប្រគល់ប្រាក់ថ្លៃទិញរថយន្ដគ្រប់ចំនួន ខ មិនបានប្រគល់រថយន្ដតាមការកំណត់នោះទេដែលធ្វើឱ្យ ក មិនអាចលក់រថយន្ដបន្ដបាន។ ដោយសារការមិនអនុវត្តកាតព្វកិច្ច ក បានផ្ញើលិខិតជូនដំណឹងដាស់តឿនតាមប្រៃសណីយ៍ និងបានពិគ្រោះយោបល់ជាមួយមេធាវីអស់ចំនួន ៣០០ USD លើសពីនេះទៀត ក បានចំណាយប្រាក់ចំនួន ៥០ USD ឱ្យតតិយជនដើម្បីធ្វើការវាយតម្លៃរថយន្ដមុនពេលចុះកិច្ចសន្យាទិញលក់រថយន្ដ ដូច្នេះ ក អាចទាមទារសំណងនៃការខូចខាតពី ខ នូវទំហំទឹកប្រាក់ ១.០០០ USD (ផលប្រយោជន៍ពីការអនុវត្តដែលខ្លួនទទួលបានដោយកិច្ចសន្យា), ៣០០ USD (ចំណាយដែលបង្កើនឡើងដោយសារការមិនអនុវត្តកាតព្វកិច្ច) និង ៥០ USD (ចំណាយដែលគ្មានប្រយោជន៍ដោយសារការមិនអនុវត្ដ) សរុបចំនួន ១.៣៥០ USD ព្រមទាំងសំណងការខូចខាតខាងផ្លូវចិត្ត (ត្រូវកំណត់តាមឆន្ទានុសិទ្ធិរបស់តុលាការ)។

ម្ចាស់បំណុល និងកូនបំណុល អាចកំណត់ជាមុននូវការសន្យាពិសេសអំពីលក្ខខណ្ឌ និងចំនួនសំណងការខូចខាតដូចជាករណីចែងបញ្ជាក់ថា ប្រសិនបើអ្នកលក់មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមការកំណត់នោះទេ អ្នកលក់ត្រូវទទួលខុសត្រូវការសងសំណងនៃការខូចខាតទោះបីជាអ្នកលក់មានកំហុស ឬគ្មានកំហុស ប៉ុន្ដែចំពោះការសន្យាពិសេសដែលនាំឱ្យកូនបំណុលរួចផុតជាមុន ពីការទទួលខុសត្រូវក្នុងការមិនអនុវត្តកាតព្វកិច្ចដោយចេតនា ឬដោយកំហុសដ៏ធ្ងន់ធ្ងរច្បាប់មិនបានទទួលស្គាស់អានុភាព នៃការកំណត់លក្ខខណ្ឌបែបនេះនោះទេ។

លើសពីនេះទៀត ប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា ត្រូវសន្មតជាការកំណត់ជាមុននូវចំនួននៃសំណង។ ឧទាហរណ៍ ប្រាក់កក់ក្នុងកិច្ចសន្យាទិញលក់ គឺជាចំនួននៃសំណងការខូចខាតដែលត្រូវបានកំណត់ជាមុនផងដែរ។ ជាគោលការណ៍ ប្រសិនបើភាគីបានធ្វើការសន្យាពិសេសអំពីចំនួន នៃសំណងការខូចខាតតុលាការមិនអាចបន្ថែម ឬបន្ថយចំនួននោះបាននោះទេ លុះត្រាតែចំនួនទឹកប្រាក់ដែលភាគីទាំងសងខាង បានកំណត់ជាមុននោះច្រើនហួសហេតុពេក ឬតិចហួសហេតុពេកបើធៀបនឹងការខូចខាត។

អាជ្ញាយុកាលនៃការរំលត់សិទ្ធិទាមទារឱ្យសងការខូចខាត ដោយសារការមិនអនុវត្ដកាតព្វកិច្ច មានអំឡុងពេល ០៥ (ប្រាំ) ឆ្នាំក្រោយពីពេលដែលការខូចខាតនោះបានកើតឡើង (មាត្រា៥០៦ នៃក្រមរដ្ឋប្បវេណី)។

សរុបសេចក្ដីមក សំណងនៃការខូចខាត គឺជាផ្នែកមួយដ៏សំខាន់នៃវិធីសង្រ្គោះចំពោះការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល ដែលត្រូវបានប្រើប្រាស់ដើម្បីធានាឱ្យម្ចាស់បំណុលទទួលបាននូវប្រាក់សំណង តបស្នងចំពោះការខូចខាតដែលខ្លួនបានទទួលរង ដោយសារការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល៕

រៀបរៀងដោយ៖ លោក ប៊ុន វិទូ ជាប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ http://www.ciclg.com/, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.