(ពិភពលោក)៖ នៅពេលយើងនិយាយអំពីរដ្ឋធានី ឬរាជធានី ដែលមានសីតុណ្ហភាពត្រជាក់ជាងគេបង្អស់នៅលើពិភពលោក មនុស្សភាគច្រើនប្រហែលគិតដល់ប្រទេសកាណាដា រុស្ស៉ី អ៉ីស្លង់ ឬមួយក៏ប្រទេសនៅអឺរ៉ុបខាងជើងជាដើម ប៉ុន្តែតាមពិតវាមិនមែនដូច្នោះឡើយ។

ខាងក្រោមនេះជាឈ្មោះរដ្ឋធានី និងរាជធានីរបស់ប្រទេសដែលមានសីតុណ្ហភាពត្រជាក់ជាងគេបំផុត៖

១៖ ទីក្រុងអ៊ូឡង់បាទ័រ
ទីក្រុងអ៊ូឡង់បាទ័រ (Ulaanbaatar) គឺជារដ្ឋធានីរបស់ប្រទេសម៉ុងហ្គោលី។ ទីក្រុងនេះហើយគឺជារដ្ឋធានីដែលត្រជាក់ជាងគេបំផុត។ ក្នុងមួយឆ្នាំៗ ទីក្រុងអ៊ូឡង់បាទ័រស្ថិតក្រោមសីតុណ្ហភាពជាមធ្យម -១.៣អង្សាសេ (ដក១.៣)។ រដ្ឋធានីរបស់ម៉ុងហ្គោលីនេះទទួលរងរដូវក្តៅដែលមានរយៈពេលខ្លី ខណៈរដូវរងាវិញគឺវាចុះត្រជាក់ខ្លាំងបំផុត ដោយសីតុណ្ហភាពអាចធ្លាក់ទាបដល់ចន្លោះ -៣៦ ដល់ -៤០អង្សាសេ។

២៖ ទីក្រុងអាស្តាណា
ទីក្រុងអាស្តាណា (Astana) គឺជារដ្ឋធានីត្រជាក់ជាងគេលំដាប់ទី២នៅលើពិភពលោក។ ទីក្រុងនេះជារដ្ឋធានីរបស់ប្រទេសកាហ្សាក់ស្ថាន។ មិនសូវខុសគ្នាពីទីក្រុងអ៊ូឡង់បាទ័រ ទីក្រុងអាស្តាណាគឺមានរដូវក្តៅដែលមានរយៈពេលខ្លី និងរដូវរងាដែលត្រជាក់ខ្លាំង។ សីតុណ្ហភាពអំលុងរដូវរងា នៅរដ្ឋធានីកាហ្សាក់ស្ថានអាចចុះទាបដល់ចន្លោះ -៣០ ដល់ -៣៥អង្សាសេ។ ទន្លេអ៉ីស្ស៉ីម (Ishim) របស់ទីក្រុងនេះតែងតែក្លាយជាផ្ទាំងទឹកកក ចាប់ពីពាក់កណ្តាលខែវិច្ឆិការហូតដល់ដើមខែមេសារៀងរាល់ឆ្នាំ។

៣៖ ទីក្រុងមូស្គូ
អ្នកប្រហែលជាស្គាល់ច្បាស់ហើយថា ទីក្រុងមូស្គូ (Moscow) គឺជារដ្ឋធានីរបស់ប្រទេសរុស្ស៉ី។ ក្នុងឋានៈជារដ្ឋធានីដែលត្រជាក់ជាងគេទី៣នៅលើពិភពលោក ទីក្រុងមូស្គូមានសីតុណ្ហភាពនារដូវត្រជាក់ចន្លោះ -២៥ ដល់ -៣០អង្សាសេ។

គួរបញ្ជាក់ថា រដ្ឋធានី ឬរាជធានីដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងជាងគេ គឺនៅមានមួយចំនួនទៀត រួមមាន ទីក្រុងហែលស៉ិនគី (Helsinki) ជារដ្ឋធានីរបស់ប្រទេសហ្វាំងឡង់ រដ្ឋធានីរ៉ៃក្យាវិក (Reykjavik) របស់ប្រទេសអ៉ីស្លង់ រដ្ឋធានីតាលិន (Tallinn) នៃប្រទេសអេស្តូនី និងរាជធានីអូតាវ៉ារបស់ប្រទេសកាណាដា៕