(ក្រុងឡុងដ៍)៖ ជំនួបរវាងក្រុមខ្លាំងតោខៀវ Chelsea និង Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅទឹកដី Stamford Bridge នៅពេល Jadon Sancho រកបានគ្រាប់ដំបូងឲ្យបិសាចក្រហម ក្នុងលីគកំពូលអង់គ្លេស Premier League។

Sancho ដែលចូលរួមជាមួយ Man Utd រដូវកាលនេះ ក្រោយផ្ទេរពីក្លិបអាល្លឺម៉ង់ Borussia Dortmund បានស៊ុតគ្រាប់នាំមុខឲ្យក្រុមភ្ញៀវនៅពេលចាប់ផ្តើមលេងវគ្គទី២ ទើបបាន ៥នាទី និងជាគ្រាប់ដំបូងរបស់គេផងដែរនៅ Premier League នៅមុនពេល Jorginho រកបានគ្រាប់តាមស្មើ ១-១ ឲ្យ Chelsea វិញដោយបាល់ ១១ម៉ែត្រនៅនាទី៦៩ ដោយសារខ្សែការពារ Aaron Wan-Bissaka បង្កកំហុសទៅលើ Thiago Silva។

Man Utd ដែលស្ថិតក្រោមការដឹកនាំបណ្តោះអាសន្នរបស់ជំនួយការ Michael Carrick នោះ រកបាន ៤ពិន្ទុក្នុងចំណោម ២ប្រកួត ក្រោយពេលបញ្ចប់តំណែងលោក Ole Gunnar Solskjaer ចេញពីទឹកដី Old Traffford និងរំពឹងថា តែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកស្តីទីបន្តឆាប់ៗនេះរហូតដល់ចប់រដូវកាលឆ្នាំ២០២១-២០២២ ខាងមុខ។

អតីតកីឡាករចាប់វស្សា Carrick នៅក្លិប Man Utd ហាក់ដឹកនាំបានល្អនៅពេលប៉ះក្រុមខ្លាំង Chelsea នៅទឹកដីក្រៅផ្ទះ ក្រោយពេលពួកគេបរាជ័យក្រោមថ្វីជើងរបស់ Leicester City, Liverpool, Manchester City និងចុងក្រោយចាញ់ Watford ផងដែរនោះក្នុងលីគកំពូលអង់គ្លេសទាំងអស់ មុនពេលឈានបញ្ចប់តំណែងលោក Ole ដែលដឹកនាំបានជិត ៣រដូវកាល៕