(អាមេរិក)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Xiaomi Corp នឹងសាងសង់រោងចក្រមួយដែលអាចផលិតរថយន្ត បានរហូតដល់ ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅក្នុងទីក្រុងប៉េកាំង ដែលរថយន្តទាំងនោះជាប្រភេទរថយន្តអគ្គិសនី ខណ:ដែលកាលពីមីនាកន្លងទៅនេះ បាន ប្រកាសវិនិយោគទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិកក្នុងរយ:ពេល ១០ឆ្នាំលើគម្រោងផលិតរថយន្តអគ្គិសនី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រោងចក្រនេះថ្មីនេះនឹងត្រូវសាងសង់ឡើងជាពីរដំណាក់កាល ហើយ Xiaomi ក៏នឹងសាងសង់ទីស្នាក់ការកណ្តាល, ការិយាល័យលក់ និងកន្លែងស្រាវជ្រាវ នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចដែលគាំទ្រដោយរដ្ឋាភិបាល Beijing E-Town បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន។

យោងតាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា រោងចក្រថ្មីនេះនឹងអាចចាប់ផ្ដើមសង្វាក់ផលិតកម្មបានដ៏ធំនៅក្នុងអំឡុងឆ្នាំ ២០២៤ ហើយវាក៏ជាផ្នែកមួយនៃគោលដៅរបស់លោក Lei Jun នាយកប្រតិបត្តិ Xiaomi ធ្លាប់បានប្រកាសកាលពីខែតុលាកន្លងទៅនេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីខែមីនាដើមឆ្នាំ ២០២១នេះ ក្រុមហ៊ុន Xiaomi បានប្រកាសថានឹងវិនិយោគទឹកប្រាក់ ១០ពាន់លានដុល្លារអាមេររិក សម្រាប់រយ:ពេល ១០ឆ្នាំទៅលើគម្រោងផលិតរថយន្តអគ្គីសនី ហើយក្រោយមកនៅចុងខែសីហា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះក៏បានប្រកាសថា ខ្លួនបានចុះបញ្ជីអាជីវកម្មរថយន្តអគ្គិសនីរួចរាល់ហើយផងដែរ៕