(ភ្នំពេញ)៖ ក្រោយមានការអភិវឌ្ឍន៍រីកចំរើន និងទទួលបានជោគជ័យជាបន្ទាប់បុរី មេគង្គ លែន ក្រោមការដឹកនាំពីស្ថាបនិក លោកឧកញ៉ា ជាម ឃុនណាត បានចាប់ផ្តើម បើកសម្ពោធគម្រោងទី៣ របស់ខ្លួនបន្តទៀតហើយ គឺគម្រោង «មេគង្គ ស៊ីធី» ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ជាទីតាំងប្រកបដោយសក្តានុពល ដែលមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៅកៀកនឹងទន្លេមេគង្គ។

ពិធីបើកសម្ពោធគម្រោងទី៣របស់បុរី មេគង្គ លែននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងមានការចូលរួមពីលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះជោគជ័យដ៏ឆាប់រហ័សនៃអាជីវកម្មរបស់បុរីមេគង្គលែន ដែលបានចាប់ផ្តើម តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ និងបានចាប់ផ្តើមបើកសម្ពោធគម្រោងទី៣ នៅលើទីតាំងប្រកបដោយសក្តានុពលស្ថិតក្នុងខណ្ឌជ្រោយចង្វារកៀកនឹងទន្លេមេគង្គ និងបានកោតសសើរចំពោះស្ថាបនិកបុរី ឧកញ៉ា ជាម ឃុនណាត ដែលបានអភិវឌ្ឍន៍អាជីវកម្ម ការវិនិយោគ ក៏ដូចជាការបង្កើតការងាររាប់ពាន់ដល់សង្គមផងដែរ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ការពង្រីកគម្រោងថ្មីនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងត្រូវបានចាត់ទុកបានថា ជាសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមស្ទុះងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងសំណង់ បន្ទាប់ពីទទួលរង ផលប៉ះពាល់ពីការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ និងស្របពេលដែលប្រទេសកំពុងត្រូវបាន បើកដំណើរការពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយដំណើរការស្តារឡើងវិញក៏កំពុងមានសន្ទុះទៅមុខយ៉ាងល្អ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា តំបន់ជ្រោយចង្វារជាតំបន់ប្រកបដោយសក្តានុពល និងមានប្រែប្រួលយ៉ាងឆាប់រហ័សជាបន្តបន្ទាប់។ បើក្រឡេកមើលទៅក្រោយ សម្រាប់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ផ្ទាល់នូវស្ថានភាពលំបាកក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺអាចនឹងដឹងច្បាស់ថា តំបន់នេះមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនដោយ ចាប់ផ្តើមពីតំបន់ដាច់ស្រយាល គ្មានស្ពាន មិនសូវមានមនុស្សរស់នៅ ប៉ុន្តែមកដល់បច្ចុប្បន្នសំបូរទៅដោយហាងអាជីវកម្ម និងសំណង់លំនៅដ្ឋានប្រណិតជាច្រើន ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។

ទាំងនេះគឺជា «ផលជាក់ស្តែងពិតប្រាកដនៃការអភិវឌ្ឍ» ដែលធ្វើឱ្យតំបន់នេះក្លាយ ទៅជាតំបន់ដែលមានតម្លៃដីខ្ពស់ និងផ្តល់ផលវិជ្ជមានសម្រាប់ប្រជាពលរដ្ឋជាច្រើន។ អ្វីដែលពិសេសគឺការអភិឌ្ឍទាំងនេះកើតឡើងពីការចូលរួមរបស់សហគ្រិនក្នុងស្រុក «ខ្មែរអាចធ្វើបាន» តាមរយៈការវិនិយោគកសាងដោយខ្មែរ សម្រាប់ប្រជាជនខ្មែរ ដើម្បីសុខសុភមង្គលប្រជាជនខ្មែរ រួមបង្កើតបានជាមោទនភាពនៃការរីកចម្រើនរបស់ជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យ ក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាចរក្សាលំនឹងបាន និងមិនថយក្រោយ ហើយថែមទាំងបានជួយទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ចជាតិទាំងផងដែរ តាមរយៈការធានាបាន នូវការផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋក្នុងដំណាក់កាលវិបត្តិនេះ។ លំនឹងនេះក៏បានបង្ហាញអំពីលទ្ធភាពរឹងមាំ និងស្ថិរភាពនៃជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើនដែល បានទិញ និងវិនិយោគអចនទ្រព្យ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈកាលកន្លងមកនេះ។

ក្រៅពីការវិនិយោគសាធារណៈ ការកសាង និងអភិវឌ្ឍប្រទេសមកដល់បច្ចុប្បន្ន គឺមានការចូលរួមមួយផ្នែកធំរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើន។ ដូច្នេះ ការលើកទឹកចិត្តឱ្យវិស័យឯកជនរីកចម្រើន នឹងផ្តល់លទ្ធភាពឱ្យគាត់ចែករំលែកការរីកចម្រើនទៅគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការធ្វើឱ្យមានការកែប្រែ លើកកម្ពស់មុខមាត់ ប្រទេសជាតិ តាមរយៈសមិទ្ធិផលធំៗ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលសម្រេចបាននៅក្នុងគម្រោងឯកជន។

ការធានាបាននូវការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន ជាពិសេសនិរន្តរភាពនៃការរីកចម្រើន ដែលជាមូលដ្ឋាននៃឈានទៅមុខកាន់តែខ្លាំងរបស់យើងទៅអនាគត គឺជាកិច្ចការសំខាន់ចាំបាច់ណាស់។ និរន្តភាពកើតពីស្ថិរភាព ហេតុនេះទាំងក្នុងដំណាក់កាលវិបត្តិនៃសង្គ្រាម ឬជំងឺរាតត្បាត គឺដាច់ខាតត្រូវធានាឱ្យនូវ ស្ថិរភាពនៃការ ដឹកនាំ។ ជាក់ស្តែងណាស់នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបោះជំហានឈានមុខធៀបនឹងប្រទេសមួយចំនួនដោយបានចុះដឹកនាំ យន្តការ ប្រយុទ្ធដោយផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីព្រោះអាទិភាពចាំបាច់បំផុតចំពោះមុខ គឺទី១៖ ការពារអាយុជីវិត និងទី២៖ ការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ក្នុងកិច្ចការនេះសម្តេចតេជោ ក៏បានធ្វើការសម្រេចចិត្តសំខាន់ៗជាយុទ្ធសាស្ត្រជាច្រើននៅក្នុងសមរភូមិនេះ ប្រកបដោយការ ពិចារណាប្រុងប្រយ័ត្ន និងការពិនិត្យស្រាវជ្រាវច្បាស់លាស់ជាអាទិ៍ ការដាក់ចេញនូវវិធានការទប់ស្កាត់ និងព្យាបាល, ការគ្រប់គ្រងផលប៉ះពាល់និងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះទទួលបានលទ្ធគួរជាទីមោទនៈ រហូតបង្កលក្ខណៈឱ្យមានការបើកប្រទេសឡើងវិញលើគ្រប់វិស័យប្រកបដោយនិរន្តរភាពដែលបង្ហាញ អំពីភាពរឹងមាំរបស់កម្ពុជា ក្នុងនាមជាប្រទេស និងជាប្រជាជនដែលអាចតស៊ូច្នៃប្រឌិតជម្នះការលំបាកគ្រប់បែបយ៉ាង។

ទន្ទឹមនេះមន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងវិស័យឯកជន ក៏បានចូលរួមយ៉ាងសកម្ម នៅក្រោមការដឹកនាំប្រកប ដោយភាពប្រាកដនិយម និងទស្សនវិស័យនេះ ដោយបានខិតខំអនុវត្តវិធានសុខាភិបាលការពារខ្លួន និងបានចូលរួមបរិច្ចាគធនធានសម្ភារថវិកាយ៉ាងច្រើនសន្ធឹក សន្ធាប់ផងដែរ៕