(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលសមាជិកថ្មីដំបូងសម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ គឺកីឡាករ ឈង់ ប៊ុនណាត ដែលការបង្ហាញនេះធ្វើឡើង ១ថ្ងៃ ក្រោយក្លិបអង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវជាមួយអតីតខ្សែការពារក្រុមជម្រើសជាតិកម្ពុជារូបនេះកាលពីម្សិលមិញ។

ឈង់ ប៊ុនណាត បានចំណាយពេលជាមួយក្លិបអង្គរថាយហ្គឺរ ៤រដូវកាលមកហើយ។ មុនចាកចេញពីក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ក៏ធ្លាប់មានព័ត៌មានចរចាមអារ៉ាមជាបន្ដបន្ទាប់ តាំងពីរដូវកាលមុនមកម្ល៉េះថា វិសាខា បានតាមចែចូវរូបគេរហូតដល់ដើមខែតុលាកន្លងទៅ ក៏មានតម្រុយកាន់តែច្បាស់ មុនឈានដល់កិច្ចព្រមព្រៀងពេលនេះ។

វត្តមានរបស់ ឈង់ ប៊ុនណាត ជាមួយវិសាខា បានធ្វើឲ្យអ្នកគាំទ្រមួយមានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិមួយនេះ។ ដោយហេតុនេះគេជឿថា ការផ្លាស់ប្ដូរទ្រនំថ្មីរបស់ខ្សែការពាររូបនេះ នឹងត្រូវប្រឈមជាមួយការប្រកួតប្រជែងខ្លាំង ដើម្បីមានឱកាសលេងជម្រើស ១១នាក់ដំបូងជាមួយក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យនេះ។

ក្រឡេកទៅក្លិបអង្គរថាយហ្គឺរវិញ ក្រោយចែកផ្លូវជាមួយគ្រូបង្វឹក លោក Orio Mohedano Segura ក្រុមបានចែកផ្លូវជាមួយកីឡាករសំខាន់ៗសរុប ៣នាក់ហើយ ក្រៅពី ឈង់ ប៊ុនណាត គឺមានខ្សែប្រយុទ្ធតុងហ្គា Ata Inia និងខ្សែបម្រើជប៉ុន Kosuke Uchida ដែលត្រូវបានក្លិបប្រកាសចែកផ្លូវជាបន្ដបន្ទាប់កាលពីថ្មីៗ។ ការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភពីស្ថានភាពក្រុមនារដូវកាលក្រោយផងដែរ៕