(ប៉ារីស)៖ Paris Saint-Germain បានយកឈ្នះម្ចាស់ផ្ទះ Saint-Etienne ក្នុងលទ្ធផល ៣-១ គ្រាដែលខ្សែប្រយុទ្ធ Neymar ត្រូវបានសែងចេញពីទីលាន នៅពេលរងរបួសកជើងជាទម្ងន់។

កីឡាករអន្តរជាតិប្រេស៊ីល Neymar ត្រូវបានសែងចេញពីទីលាននៅនាទី៨៨ នៅក្រោយពេលមិត្តរួមក្រុម Angel Di Maria រកបានគ្រាប់នាំមុខ ២-១ និងប្រធានក្រុមថែមគ្រាប់ទី៣ នៅនាទីថែមបង្រ្គប់ម៉ោង ៩០នាទី បង្កក្តៅកង្វល់ដល់អ្នកចាត់ការទូទៅ Mauricio Pochettino ក្នុងប្រកួតបន្តបន្ទាប់។

លោកថា Neymar ដែលមានរបួសរហូតដល់ថ្នាក់គេសែងចេញនោះ គឺជារូបភាពមិនល្អឡើយសម្រាប់ PSG វាពិតជារបួសធ្ងន់ធ្ងរ និងត្រូវការរយៈពេលយូរ ដើម្បីព្យាបាលផងដែរ។ លោកបន្តថា «យើងនឹងតាមដានលទ្ធផលបន្តនៅថ្ងៃនេះ។ ខ្ញុំគិតថា បញ្ហារបួសរបស់ Neymar មិនជាធ្ងន់ធ្ងរនោះទេ និងអាចវិលចូលទីលានវិញឆាប់ៗផងដែរ»

ក្នុងជំនួបដ៏សំខាន់ក្រៅដី ដើម្បីរក្សាតំណែងកំពូលតារាងដ៏រឹងមាំនោះដែរ ខ្សែការពារ Sergio Ramos ក៏បានបង្ហាញខ្លួន លើកដំបូងឲ្យក្លិបថ្មី PSG នៅពេលចប់កិច្ចសន្យាជាមួយក្លិបក្នុងស្រុក Real Madrid នារដូវកាលមុន និងបានក្លាយជាកីឡាករចាស់បំផុតក្នុងក្លិបផងដែរ បន្ទាប់ពី David Beckham ដែលបានចូលលេងនៅទឹកដី Pard des Princes កាលឆ្នាំ២០១៣ កន្លងទៅ៕