(កូរ៉េ)៖ ក្រុមចម្រៀងនារីល្បីល្បាញប្រចាំវិស័យ K-POP គឺ BLACKPINK បានបង្កើតកំណត់ត្រាថ្មីមួយទៀត ក្លាយជាក្រុមចម្រៀងនារីដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ YouTube ដោយ Channel ផ្លូវការរបស់ពួកគេមានចំនួន Subscribers ច្រើនបំផុតលើស ៧០លាននាក់ ឈរនៅលំដាប់ថ្នាក់ទី១ បន្ទាប់ពីយកឈ្នះលើ Channel របស់តារាចម្រៀងកាណាដា Justin Bieber។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌ Soompi នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមផលិតកម្ម YG ដែលជាជម្រករបស់ក្រុម BLACKPINK មានមូលដ្ឋាននៅកូរ៉េខាងត្បូង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង១១ព្រឹក (ម៉ោងនៅកូរ៉េ) Channel យូបធូបផ្លូវការរបស់ក្រុមចម្រៀងនារី BLACKPINK បានកើនចំនួន Subscribers លើស៧០លាននាក់។ ប្រការនេះធ្វើឲ្យ BLACKPINK ក្លាយជាអ្នកសិល្បៈដំបូងនៅលើបណ្តាញសង្គមមួយនេះ ដែលរកចំនួន Subscribers បានច្រើនបំផុត តាមរយៈស្នាដៃចម្រៀងល្បីៗរបស់ពួកគេ។

ជាការកត់សម្គាល់ Channel យូធូបផ្លូវការរបស់ក្រុមចម្រៀងនារី BLACKPINK បានកើនចំនួន Subscribers រាប់លាននាក់ដូចពេលនេះ គឺប្រើរយៈពេលខ្លី គឺត្រឹមតែ៥ឆ្នាំ និង៥ខែប៉ុណ្ណោះ ត្បិតថាក្រុមនេះបានចាប់ផ្តើមបើក Channel យូធូប ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

បច្ចុប្បន្នបន្ទាប់ពី BLACKPINK ឈរនៅកំពូលតារាក្នុងនាមអ្នកសិល្បៈមានចំនួន Subscribers ច្រើនបំផុតលើយូធូប គឺតាមពីក្រោយដោយតារាចម្រៀងកាណាដា Justin Bieber ឈរឬនៅលេខរៀងទី២ បន្ទាប់មកពីក្រុម BTS ឈរនៅទី៣, តារាចម្រៀង Marshmello ឈរនៅលេខ៤ និង Ed Sheeran ឈរនៅលេខរៀងទី៥៕