(ភ្នំពេញ)៖ កម្មវិធីប្រកួតកីឡាប្រដាល់សកលលើកដំបូង Ultimate Boxing Championship 2021 (UBC) ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរៀបចំបានចំនួន ៦សប្ដាហ៍ ស្របពេលសហព័ន្ធគ្រោងរៀបចំសង្វៀននេះជាថ្មី ក្រោយស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ដើម្បីបន្ដជំរុញ និងពង្រឹងសមត្ថភាពកីឡាករត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានថ្លែងក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៦ ដែលជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រគូដណ្ដើមប្រាក់លាន ដោយជើងឯកបានទៅកីឡាករ វី សុភ័ស នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកាថា នេះគឺជាការសប្ដាហ៍ចុងក្រោយសម្រាប់រដូវកាលទី១ នៃកម្មវិធី Ultimate Boxing Championship 2021 ដោយសហព័ន្ធបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រកួតរយៈពេល ៦សប្ដាហ៍កន្លងមក។

លោកថា «អ្វីដែលទទួលបានពីការខិតខំរៀបចំកម្មវិធីនេះ ទី១ យើងទទួលបានអត្ថប្រយោជន៍នៃការពង្រឹងកម្រិតបច្ចេកទេសរបស់កីឡាករជម្រើសជាតិ ត្រៀមទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៣-២៦ ខែធ្នូ និងទី២ ជួយជំរុញឲ្យក្រុមជម្រើសជាតិកាន់តែមានបច្ចេកទេសគ្រប់គ្រាន់ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»

ពាក់ព័ន្ធនឹងកម្មវិធី UBC សហព័ន្ធគ្រោងរៀបចំជាថ្មី នាឆ្នាំ២០២២ (មិនទាន់កំណត់កាលបរិច្ឆេទនោះទេ) តែអាចក្រោយស៊ីហ្គេម នៅវៀតណាម។ ក្រៅពីកម្មវិធីដ៏មានសារៈប្រយោជន៍នេះ សហព័ន្ធក៏គ្រោងរៀបចំការប្រកួតជាច្រើនទៀតដែរ ដូចជាការប្រកួតជើងឯកថ្នាក់ជាតិ ការប្រកួតអបអរសាទរទិវាជ័យជម្នះ ៧មករា និងការប្រកួតផ្សេងៗទៀត ដែលសហព័ន្ធកំពុងពិនិត្យលទ្ធភាពរៀបចំ។ លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់បន្ថែម។

ចំពោះលទ្ធផលគូផ្ដាច់ព្រ័ត្រខាងលើ កីឡាករ វី សុភ័ស បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះកីឡាករជម្រើសជាតិប្រដាល់សកលដូចគ្នា ទូច ដេវីត ដោយពិន្ទុ។ ជ័យជម្នះនេះ វី សុភ័ស បានទទួលប្រាក់រង្វាន់ ៣លានរៀល ខណៈ ទូច ដេវីត ទទួលបានជើងឯករង អមប្រាក់រង្វាន់ ១លានរៀល។ រីឯលទ្ធផលគូពិសេសផ្សេងៗទៀតមានដូចជាកីឡាករ មឿន សុខហ៊ុច ស្មើពិន្ទុកីឡាករ ថៃ រិទ្ធី, ខុន បូឡា ឈ្នះពិន្ទុ នូវ ដារ៉ូ និង សែត សារឹត ឈ្នះកីឡាករ រឿម វណ្ណៈ ជាដើម៕