(អាមេរិក)៖ ស្របពេលដែលដំណឹងពាក់ព័ន្ធនឹង Apple Car កំពុងតែបានក្លាយជាប្រធានបទក្ដៅ ដោយឡែកនៅពេលនេះ ស្រាប់តែមាន ព័ត៌មានថ្មី បានលេចឮមកថា ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញវ៉ែនតាឆ្លាតវៃនៅឆ្នាំក្រោយ ជាមួយនឹងសមត្ថភាព និងថាមពលអស្ចារ្យមិនចាញ់ម៉ាស៊ីន Mac ឡើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានដកស្រង់សម្ដីរបស់លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីពាក់ព័ន្ធនឹង Apple ថា ក្រុមហ៊ុន Apple មិននឹងបង្កើតនូវផលិតផលអ្វីមួយគឺបានគិតគូយ៉ាងល្អិនល្អន់ជាពិសេសគឺធ្វើយ៉ាងណា ឱ្យ ផលិតផលនោះចេញមកទាក់ទាញអ្នកប្រើប្រាស់ និងដណ្ដើមបានទីផ្សារពីគូប្រកួតប្រជែង ហើយថ្មីៗនេះ Apple បានត្រៀមរួចជាស្រេចនូវវ៉ែនតា ឆ្លាតវៃសម្រាប់ចេញលក់នៅឆ្នាំ២០២២។

លោក Kuo បានបញ្ជាក់ថា ចំណុចលេចធ្លោ និងពិសេសមួយសម្រាប់វ៉ែនតារបស់ Apple គឺមិនចាំបាច់ធ្វើការភ្ជាប់ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ ឬស្មាតហ្វូនដើម្បីដំណើរការបាននោះទេ ពោលគឺវាអាចដំណើរការបានដោយខ្លួនឯង ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺថាសមត្ថភាពរបស់ វា ខ្លាំង មិនចាញ់ឧបករណ៍ផ្សេងៗឡើយ។

អ្នកវិភាគដ៏ល្បីរួបនេះបានបញ្ជាក់បន្ថែមទៀតថា បើទោះបីជាវ៉ែនតាឆ្លាតវៃរបស់ Apple ពោរពេញដោយសមត្ថភាពក្ដី ក៏វាមិនអាចមកជំនួស ឧបករណ៍ផ្សេងៗរបស់ Apple ដែរ មានន័យថា Apple មិនចេញឧបករណ៍ថ្មីដែលនឹងមកសម្លាប់ឧបករណ៍ចាស់ៗដែលខ្លួនមាននោះទេ៕