(ភ្នំពេញ)៖ Chip Mong Ecocycle ដែលជាអង្គភាពអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នៅថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្ពោធកន្លែងស្តុក កាកសំណល់គ្រោះថ្នាក់ ដែលជាជំហានសំខាន់មួយទៀត នៅក្នុងបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ ប្រកបដោយនិរន្តរភាព សម្រាប់ប្រទេសកម្ពុជា។

លោក ចាន់ ថា អភិបាលរងខេត្ដកំពត បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដែលត្រូវបានធ្វើឡើងនៅក្នុងរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុនមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត។ លោក Jorge Baigorri នាយកប្រតិបត្តិក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

កន្លែងស្តុកកាកសំណល់គ្រោះថ្នាក់ទាំងនេះ មានសមត្ថភាពផ្ទុករួម ១១០០ តោន និងត្រូវបានសាងសង់ឡើងដោយបច្ចេកវិទ្យាទំនើបបំផុត និងបំពេញតាមស្តង់ដារបរិស្ថាន និងសុវត្ថិភាពបានល្អប្រសើរ។

លោកបណ្ឌិត Sajith Edirisuriya អ្នកគ្រប់គ្រងទូទៅនៃ Chip Mong Ecocycle បានថ្លែងថា «កន្លែងស្តុកកាកសំណល់គ្រោះថ្នាក់ទាំងនេះ គឺជាការបន្ថែមថ្មីមួយទៀត របស់ Chip Mong Ecocycle ដើម្បីជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ដើម្បីគ្រប់គ្រងបរិមាណសំណល់កាន់តែច្រើន និងប្រកបដោយសុវត្ថិភាពផ្នែកបរិស្ថាន និងបំពេញតម្រូវការវិស័យឧស្សាហកម្ម ដែលរីកលូតលាស់លឿនបំផុតនៅប្រទេសកម្ពុជា»

លោកបណ្ឌិតបន្ដថា នេះផ្តល់នូវដំណោះស្រាយ ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចពណ៌បៃតង ដែលកាកសំណល់ត្រូវបានគ្រប់គ្រង ហើយធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ នេះជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ដោយសារមិនទាន់មានដំណោះស្រាយ ត្រឹមត្រូវសម្រាប់ការគ្រប់គ្រងកាកសំណល់គ្រោះថ្នាក់នោះទេ រហូតមកដល់ពេលនេះ»។

Chip Mong Ecocycle បានចាប់ផ្តើមដំណើរការ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ Chip Mong Ecocycle បានកែច្នៃកាកសំណល់ឧស្សាហកម្ម និងកសិកម្ម បានជាង ១០០ ០០០តោន។ Co-processing គឺជាពាក្យបច្ចេកទេស ប្រើសម្រាប់ការកម្ទេច កាកសំណល់ឧស្សាហកម្ម តាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ីម៉ងត៍ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។

ការគ្រប់គ្រងកាកសំណល់ បានក្លាយជាបញ្ហាសំខាន់នៅក្នុងប្រទេសកម្ពុជា ស្របពេលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ គំនិតផ្តួចផ្តើមចុងក្រោយបំផុត របស់ក្រុមហ៊ុន ផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពសម្រាប់កាកសំណល់គ្រោះថ្នាក់ដោយប្រើ បច្ចេកវិទ្យាដែលទទួលស្គាល់ ដោយពិភពលោកដែលហៅថា «Co-processing» ដែលនេះពាក់ព័ន្ធនឹងការកម្ទេចសំណល់ឧស្សាហកម្មដោយប្រើកំដៅ។

Co-processing បានបំពេញនូវស្តង់ដារបទប្បញ្ញត្តិទាំងអស់នៅក្នុងប្រទេស ហើយកំពុងត្រូវបានប្រើប្រាស់ ជាសកលសម្រាប់ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម។ បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ល្អប្រសើរ ជាជាងការចាក់សំរាម និងការដុតពីព្រោះវាផ្តល់នូវដំណោះស្រាយ ពេញលេញដោយគ្មាន ផលប៉ះពាល់ដល់បរិស្ថាន។

បច្ចុប្បន្ននេះ Chip Mong Ecocycle បានចាប់ដៃគូជាមួយរោងចក្រជាង១០០ នៅទូទាំងប្រទេសសម្រាប់ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម ដោយដាក់ចេញនូវដំណោះស្រាយ គ្រប់គ្រងកាកសំណល់ ដើម្បីបំពេញតាមតម្រូវការផ្នែកនិរន្តរភាពរបស់អតិថិជននីមួយៗ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន គឺជាការបណ្តាក់ទុនរួមគ្នា រវាង ជីប ម៉ុង គ្រុប នៃប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement របស់ប្រទេសថៃ។ Insee Group មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងសំរាមប្រកបដោយវិជ្ជាជីវៈដល់ឧស្សាហកម្មផ្សេងៗជាច្រើន។

ដោយប្រើប្រាស់ឡស៊ីម៉ងត៍ដែលទំនើប Insee Ecocycle មានសមត្ថភាពកម្ទេចសំណល់ឧស្សាហកម្មបានជាង ៧០០ ០០០ តោនក្នុងមួយឆ្នាំ។ អង្គភាពអាជីវកម្មនេះ បានពង្រីកវិសាលភាព និងជំនាញរបស់ខ្លួនពី Insee Ecocycle ថៃ ទៅ Insee Ecocycle វៀតណាម និង Insee Ecocycle ស្រីលង្កា។

Chip Mong Ecocycle គឺជាសមាជិកគ្រួសារថ្មីក្នុងក្រុមគ្រួសារគ្រប់គ្រងកាកសំណល់នេះ និងមានសមត្ថភាពគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម ៧៥ ០០០ តោនក្នុងមួយឆ្នាំ៕