(ភ្នំពេញ)៖ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិចនៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ បាននិយាយថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។

សូមជម្រាបថា ព្រះកេសទេវតា និងព្រះកេសអសុរាចំនួន១៣ ត្រូវបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដែលក្នុងនោះប្រទះឃើញព្រះកេសទេវតាចំនួន៦ (ព្រះកេសពេញរូបរាងចំនួន៤ និងពាក់កណ្ដាលចំនួន២) និងព្រះកេសអសុរាចំនួន៧ (ព្រះកេសពេញរូបរាងចំនួន៦ និងពាក់កណ្ដាលចំនួន១)។

គម្រោងជួសជុលខ្លោងទ្វាតាកាវជាគម្រោងជួសជុលរបស់អាជ្ញាធរជាតិអប្សរា ដែលមានការឧបត្ថម្ភពីវិស័យឯកជន៕