(បរទេស)៖ សហរដ្ឋអាមេរិកជាប្រជាជាតិមួយដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន ដោយបានសម្លាប់ជីវិតមនុស្សយ៉ាងសម្បើម រួមមានតាំងពីគ្រោះមហន្តរាយធម្មជាតិរហូតដល់ការធ្វើសឹកសង្គ្រាម ព្រមទាំងការផ្ទុះឡើងនូវជំងឺរាតត្បាតផ្សេងៗ។

banner

ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ធំៗនៅក្នុងប្រវត្តិសាស្រ្តអាមេរិក បានបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ ប្រជាជននៃប្រទេសអាមេរិកខាងជើងមួយនេះ។

១៖ ការវាយប្រហារលើកំពង់ផែភេីលលហាបឺរ

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ក្រុមយន្តហោះចម្បាំងជប៉ុនជិត ៩០ គ្រឿងបានវាយប្រហារលើមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅឯកំពង់ផែភើលហាបឺរ (Pearl Harbor) នៃកោះហាវ៉ៃ។ វាជាការវាយប្រហារដ៏នឹកស្មានពុំដល់មួយសម្រាប់សហរដ្ឋអាមេរិក និងមានរយៈពេលរាប់ម៉ោង ដែលបានបំផ្លាញនាវាចម្បាំងធំៗអាមេរិកមួយចំនួនដែលចតនៅទីនោះ ព្រមទាំងឆក់យកជីវិតទាហាន និងប្រជាជនស៉ីវិលអាមេរិកសរុបចំនួន ២,៣៩០ នាក់ផងដែរ។ ជិតពាក់កណ្តាលនៃចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះ គឺស្ថិតនៅលើនាវាចម្បាំងអារីហ្សូណា (USS Arizona) បានផ្ទុះឆេះហើយលិចចូលក្នុងសមុទ្រ ដោយសាររងការទម្លាក់គ្រាប់បែកចំៗផ្ទាល់តែម្តងពីសំណាក់ក្រុមយន្តហោះជប៉ុន។

២៖ អំពើភេរវកម្ម ១១ កញ្ញា

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិកបានរងការវាយប្រហារដ៏សាហាវបំផុតមួយពីបរទេស ដែលពុំធ្លាប់កើតមានពីមុនមកនៅលើទឹកដីរបស់ខ្លួន។ នៅខ្ទង់ម៉ោង ៨៖៤៦ នាទីព្រឹក យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលត្រូវក្រុមភេរវករប្លន់យក បានហោះទៅបុកអគារភាគខាងជើងនៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូយ៉ក។

បន្ទាប់មក មិនយូរប៉ុន្មាន យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតបានទៅបុកអគារភាគខាងត្បូងវិញម្ដង។ ក្រោយមកទៀត មានយន្តហោះមួយទៀតបានជិះទៅបុកមន្ទីរបញ្ចកោណ ដែលជាទីស្នាក់ការក្រសួងការពារជាតិអាមេរិក ខណៈយន្តហោះទី៤ បានធ្លាក់នៅកណ្តាលវាលក្នុងក្រុងស៊ែងស្វៀល នៃរដ្ឋផេនស៉ីលវ៉ានា (Pennsylvania)។ មនុស្សសរុបចំនួន ២,៩៧៤ នាក់បានស្លាប់ក្នុងការវាយប្រហារទាំងនេះ។

៣៖ គ្រោះរញ្ជួយដី-អគ្គីភ័យនៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ

នៅដើមសតវត្សរ៍ទី២០ សាន់ហ្វ្រាន់ស៉ីស្កូ គឺជាទីក្រុង ដែលមានភាពរីកដុះដាលយ៉ាងខ្លាំងក្លាមួយនៅភាគខាងលិចសហរដ្ឋអាមេរិក ជាមួយចំនួនប្រជាជនរស់នៅខ្ទង់ ៤០ ម៉ឺននាក់។ នៅវេលាម៉ោង ៥៖១៣ នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩០៦ តំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏កក្រើកមួយ។ ហេតុការណ៍ញ័ររញ្ជួយដ៏សាហាវនេះបានប្រព្រឹត្តទៅអស់រយៈពេល ៤៥-៦០ វិនាទី ដោយបានផ្ដួលរំលំអគារនៅពាសពេញទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ រួមទាំងអគារសាលាក្រុងផងដែរ។ ទន្ទឹមនឹងនោះ ក៏មានគ្រោះអគ្គីភ័យដ៏អាក្រក់មួយថែមទៀតផង ដែលបានឆាបឆេះអស់រយៈពេលដល់ទៅ ៤ ថ្ងៃ។ មនុស្សប្រហែល ៣,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយទាំងពីរនេះ។

៤៖ ខ្យល់ព្យុះហឺរីឃែននៅទីក្រុងហ្គាល់វ៉េស្តុន

ព្យុះហឺរីឃែនដែលបានបោកបក់លើទីក្រុងហ្គាល់វេស្តុន (Galveston) នៃរដ្ឋតិចសាស់ ជាមួយកម្លាំងខ្យល់បក់ ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅតែត្រូវគេចាត់ទុកជាគ្រោះមហន្តរាយធម្មជាតិដែលផ្តាច់ជីវិតមនុស្សច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ តាមការប៉ាន់ស្មាន មនុស្សប្រុស-ស្រី និងកុមារប្រហែល ៨,០០០ នាក់បានស្លាប់ អំឡុងការវាយប្រហារនៃព្យុះហឺរីឃែនកម្រិតទី៤នេះ កាលពីថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ១៩០០។

៥៖ សង្រ្គាមកូរ៉េ

សង្រ្គាមកូរ៉េ គឺជាការប្រឈមមុខគ្នាដ៏ធំមហិមាមួយ រវាងមហាអំណាចនុយក្លេអ៊ែរ ដែលនៅទីបំផុតបានឆក់យកជីវិតយោធាអាមេរិកអស់ចំនួន ៣៦,៩១៤ នាក់។ សង្រ្គាមកូរ៉េ គឺជាការធ្វើតេស្តដំបូងសម្រាប់អង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងកម្លាំងទៅការពារកូរ៉េខាងត្បូង បន្ទាប់ពីការចូលឈ្លានកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ពីសំណាក់ក្រុមកុម្មុយនីស្តកូរ៉េខាងជើង ដែលមានការគាំទ្រដោយចិន និងសហភាពសូវៀត។ កងទ័ពអាមេរិកជិត ២ លាននាក់ ត្រូវបានដាក់ពង្រាយអំឡុងការប្រយុទ្ធគ្នានោះ ដែលមានរយៈពេល ៣ ឆ្នាំ ហើយវាបានបញ្ចប់ទៅដោយត្រឹមបទឈប់បាញ់ប៉ុណ្ណោះ។

៦៖ សង្គ្រាមវៀតណាម

ពីដំបូងឡើយសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមវៀតណាម ក្នុងទម្រង់ជាការធ្វើអន្តរាគមន៍យោធាប៉ុណ្ណោះ មុនពេលវាប្រែក្លាយទៅជាការធ្វើសង្រ្គាមរាប់ឆ្នាំសម្រាប់អាមេរិក ប្រឆាំងនឹងក្រុមកុម្មុយនីស្តវៀតណាមខាងជើង។ កងទ័ពអាមេរិកចំនួន ៥៨,២២០ នាក់បានស្លាប់ក្នុងសង្រ្គាមដ៏បង្ហូរឈាមនៅប្រទេសវៀតណាម ដោយអំឡុងចន្លោះឆ្នាំ១៩៦៧-១៩៦៩ គឺជាពេលដែលអាមេរិកបាត់បង់កងទ័ពច្រើនបំផុត គឺដល់ទៅជាង ៤០,០០០ នាក់។ ទីបំផុតសហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីតំបន់អាស៉ីអាគ្នេយ៍ ហើយប្រទេសវៀតណាមទាំងមូលត្រូវធ្លាក់ទៅក្រោមរបបកុម្មុយនីស្ត។

៧៖ សង្គ្រាមលោកលើកទី១

អឺរ៉ុបបានធ្លាក់ចូលក្នុងសង្រ្គាមលោកលើកទី១ នៅឆ្នាំ១៩១៤ ប៉ុន្តែសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក វូដរ៉ូ វីលសុន (Woodrow Wilson) បានប្តេជ្ញារក្សាគោលជំហរអព្យាក្រឹត នៅក្នុងសង្រ្គាមបរទេសនេះ ប៉ុន្តែបន្ទាប់ពីអាល្លឺម៉ង់បានបាញ់ពន្លិចកប៉ាល់ដឹកអ្នកដំណើរ លូស៉ីតានា (Lusitania) នៅឆ្នាំ១៩១៥ ដែលបានបណ្ដាលឲ្យជនអាមេរិក ១២០ នាក់ស្លាប់ អ្វីៗក៏បានចាប់ផ្តើមប្រែប្រួល។ ទីបំផុតអាមេរិកបានប្រកាសសង្គ្រាមលើអាល្លឺម៉ង់ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩១៧។ កងទ័ពអាមេរិកសរុប ១១៦,៥១៦ នាក់បានស្លាប់ក្នុងសង្រ្គាមនេះ។ សង្រ្គាមលោកលើកទី១ បានបញ្ចប់ទៅតាមរយៈកិច្ចព្រមព្រៀងមួយ ដែលប្រកាសក្រុមសម្ព័ន្ធអាឡាយដ៍ (Allied) ជាអ្នកឈ្នះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨។

៨៖ សង្គ្រាមលោកលើកទី២

ដូចនឹងអំឡុងសង្គ្រាមលោកលើកទី១ដែរ សហរដ្ឋអាមេរិកបានសម្រេចមិនទាន់ប្រឡូកខ្លួនចូលភ្លាមៗទេ ស្របពេលដែលអង់គ្លេស បារាំង និងប្រទេសមួយចំនួនទៀត បានប្រកាសសង្រ្គាមជាមួយមេដឹកនាំអាល្លឺម៉ង់លោក ហ៉ីត្លែរ ក៏ប៉ុន្តែបន្ទាប់ពីមានការវាយប្រហារលើកំពង់ផែភេីលហាបឺរ ឆ្នាំ១៩៤១ ពីសំណាក់ជប៉ុន សហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមទាំងលើជប៉ុន និងអាល្លឺម៉ង់តែម្តង។ ទាហានអាមេរិកសរុប ៤០៥,៤០០ នាក់បានស្លាប់ក្នុងសង្រ្គាមលោកលើកទី២ ជាសង្រ្គាមដែលអាមេរិកបាត់បង់ជីវិតជនជាតិខ្លួនច្រើនបំផុត នៅលើទឹកដីបរទេស។

៩៖ ជំងឺផ្តាសាយដ៏សាហាវនៅឆ្នាំ១៩១៨

ជំងឺផ្តាសាយដ៏កាចសាហាវដែលបានផ្ទុះឡើងកាលពីក្នុងឆ្នាំ១៩១៨ បានស្លាប់មនុស្សចន្លោះ ៥០-១០០ លាននាក់នៅទូទាំងពិភពលោក ហើយវាក៏បានឆក់យកជីវិតជនជាតិអាមេរិកប្រមាណ ៦៧៥,០០០ នាក់ផងដែរ។

១០៖ សង្គ្រាមស៉ីវិលអាមេរិក

ចំនួនពេញលេញពិតប្រាកដនៃអ្នកបាត់បង់ជីវិតក្នុងសង្គ្រាមស៉ីវិលរបស់សហរដ្ឋអាមេរិក ដែលប្រហែលជាគ្មានថ្ងៃអាចត្រូវដឹងច្បាស់ឡើយ។ សម្រាប់រយៈពេលដល់ទៅជាងមួយសតវត្សរ៍ តួលេខនៃអ្នកស្លាប់ត្រូវបានគេចារទុកក្នុងប្រវត្តិសាស្រ្តគឺចំនួន ៦១៨,២២២ នាក់ ដោយក្នុងនោះចំនួន ៣៦០,២២២ នាក់មកពីខាងសហភាពប៉ែកខាងជើង (Union North) និងចំនួន ២៥៨,០០០ នាក់មកពីខាងសហព័ន្ធភាគខាងត្បូង (Confederate South) ក៏ប៉ុន្តែនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្រុមប្រវត្តិវិទូអាមេរិកបានសម្រេចកែប្រែតួលេខ ដោយបង្កើនចំនួនអ្នកស្លាប់ឡើងដល់ ៧៥ ម៉ឺននាក់ ក្រោមហេតុផលថាចំនួនអ្នកស្លាប់ខាងសហព័ន្ធភាគខាងត្បូង មិនត្រូវបានរាប់គ្រប់គ្រាន់។ តួលេខ ៧៥ ម៉ឺននាក់នេះ គឺវាស្មើនឹង ២.៥ ភាគរយ នៃចំនួនប្រជាជនអាមេរិកសរុបនៅក្នុងទសវត្សឆ្នាំ១៨៦០។

១១៖ ជំងឺ COVID-19

គិតចាប់តាំងតែពីជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩ និងរីករាលដាលជុំវិញពិភពលោករហូតមកទល់ចុង ឆ្នាំ២០២១ វាបានផ្តាច់ជីវិតមនុស្សជាង ៨០០,០០០ នាក់ហើយ នៅក្នុងសហរដ្ឋអាមេរិក។ តួលេខនេះត្រូវគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត ខណៈ COVID-19 នៅបន្តរាតត្បាតនៅឡើយ។