(លីស្បោន)៖ ប្រទេសព័រទុយហ្គាល់ បានរកឃើញ ១៣ករណីនៃមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនាថ្ងៃចន្ទ ដោយអ្នកដែលពាក់ព័ន្ធគឺជាកីឡាករ និងសមាជិកបុគ្គលិកនៅឯក្លិបបាល់ទាត់ Belenenses SAD ដែលស្ថិតក្នុងទីក្រុង Lisbon បន្ទាប់ពីកីឡាករម្នាក់កាលពីពេលថ្មីៗនេះ បានវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង។ នេះបើតាមការប្រកាសពីអាជ្ញាធរសុខភាព ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

មេរោគបំប្លែងថ្មី ដែលយោងតាមអង្គការសុខភាពពិភពលោកអះអាងថា ទំនងជា «រីករាលដាលជាអន្តរជាតិ» នោះ ត្រូវបានគេរកឃើញលើកីឡាកររបស់ក្លិប Belenenses ដែលបានប្រកួតនៅលីគ Primeira Liga ជាមួយក្លិប Benfica កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ការប្រកួតបានចាប់ផ្តើមជាមួយនឹងកីឡាករក្លិប Belenenses ចំនួនតែ ៩នាក់ប៉ុណ្ណោះនៅលើទីលាន ដោយសារតែសមាជិកក្រុមរបស់ពួកគេត្រូវធ្វើចត្តាឡីស័ក ហើយមានកីឡាករតែ ៧នាក់ប៉ុណ្ណោះដែលបានវិលចូលទីលានប្រកួតវិញនៅតង់ទី២។ ការប្រកួតត្រូវបានបោះបង់ចោលត្រឹមតែ ២នាទីប៉ុណ្ណោះ ចូលដល់តង់ទី២ ដោយលទ្ធផលក្រុម Benfica នាំមុខ៧-០។

អ្នកនាំពាក្យក្លិបបានឲ្យដឹងថា កីឡាករ និងបុគ្គលិក ៤៤នាក់ រួមទាំងខ្លួនលោកផងដែរ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយរង់ចាំការធ្វើតេស្តម្តងទៀត។

«កីឡាករ ២ឬ៣នាក់ និងបុគ្គលិក ២ឬ៣នាក់មានរោគសញ្ញា ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ហើយអ្នកដទៃទៀតមិនមានរោគសញ្ញានោះទេ»។ នេះបើតាមអ្នកនាំពាក្យ។

ប្រធានក្លិប Benfica និងក្លិប Belenenses បានប្រាប់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ពួកគេមិនមានជម្រើសដោយត្រូវតែប្រកួត បើមិនដូច្នោះទេ ត្រូវរងការពិន័យពីបទ «មិនសមហេតុផល»។ ពួកគេបានស្តីបន្ទោសលីគ និងអាជ្ញាធរសុខភាពដែលមិនអនុញ្ញាតឲ្យពន្យារពេលការប្រកួត។

អ្នកនាំពាក្យក្លិប Benfica បានលើកឡើងបន្តថា មិនមានកីឡាករខ្លួនណាម្នាក់ត្រូវធ្វើចត្តាឡីស័កនោះទេ ដោយសារកីឡាកររបស់ក្លិប Belenenses ដែលពួកគេបានប្រកួតជាមួយកាលពីថ្ងៃសៅរ៍ មិនត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់នោះទេ៕