(ប៊ែកឡាំង)៖ ក្លិបបាល់ទាត់ Hertha Berlin បានបណ្តេញគ្រូបង្វឹក Pal Dardai ចេញពីតំណែងនាថ្ងៃចន្ទ បន្ទាប់ពីការខកចិត្តចំពោះការដឹកនាំរបស់លោក នៅក្នុងលីគ Bundesliga ដោយទទួលបានជ័យជំនះតែ ២លើកប៉ុណ្ណោះពី ៨ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានតែងតាំងលោក Tayfun Korkut ជាគ្រូបង្វឹកថ្មីជំនួសវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Korkut វ័យ ៤៧ឆ្នាំ ដែលធ្លាប់ជាគ្រូបង្វឹកក្លិប Hanover 96, VfB Stuttgart និង Bayer Leverkusen ដែរនោះ បានចុះកិច្ចសន្យាជាមួយក្លិប Hertha រហូតដល់ចប់រដូវកាលនេះ។

ក្លិប Hertha បានស្មើ ១-១ ក្នុងការប្រកួតធ្វើជាម្ចាស់ផ្ទះប៉ះក្រុម Augsburg កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ធ្វើឲ្យពួកគេឈានដល់ការរកមិនបានជ័យជំនះ ចំនួន ៤ប្រកួតហើយនៅក្នុងលីគ ហើយរក្សានៅលេខរៀងទី១៤ ដដែល មាន ១ពិន្ទុលើក្រុមដែលត្រូវកាត់ចេញពីលីគថែមទៀតផង។

Hertha បានទទួលការវិនិយោគជាង ៣០០លានអឺរ៉ូ (៣៣៨.៥៨លានដុល្លារ) កាលពី ៣ឆ្នាំមុនពីវិនិយោគិនល្បីឈ្មោះរបស់អាល្លឺម៉ង់ លោក Lars Windhorst ប៉ុន្តែក្រុមបានតស៊ូជាមួយនឹងការកាត់ចេញពីលីគក្នុងរដូវកាលថ្មីៗនេះខ្លាំងណាស់៕