(ឡុងដ៍)៖ ក្លិប Manchester United បានសម្រេចតែងតាំងបុរសសញ្ជាតិអាល្លឺម៉ង់ Ralf Rangnick ជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន រហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League នាថ្ងៃចន្ទមានរយៈពេល ៨ថ្ងៃ បន្ទាប់ពីបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីចប់តួនាទីនេះ អតីតអ្នកចាត់ការក្លិប RB Leipzig រូបនេះ នឹងបន្តតួនាទីជាទីប្រឹក្សានៅ Old Trafford នេះសម្រាប់រយៈពេល ២ឆ្នាំបន្ថែមទៀត។

«លោក Ralf គឺជាគ្រូបង្វឹក និងអ្នកច្នៃប្រឌិតដ៏គួរឲ្យគោរពបំផុតម្នាក់នៅក្នុងបាល់ទាត់អឺរ៉ុប» នេះបើតាមសម្តីលោក John Murtough ប្រធានផ្នែកបាល់ទាត់របស់ក្លិប United។

បុរសវ័យ ៦៣ឆ្នាំរូបនេះបានចូលរួមជាមួយ United ក្រោយចាកចេញពីក្លិប Lokomotiv Moscow លេងនៅលីគ Russian-Premier League ដែលលោកមានតួនាទីជាអ្នកចាត់ការផ្នែកអភិវឌ្ឍន៍ និងកីឡា។

លោកបានចូលមកជំនួសតំណែងលោក Solskjaer ដែលត្រូវបានដកចេញពីតំណែង បន្ទាប់ពីការបរាជ័យរបស់ក្លិប United ក្នុងលទ្ធផល ៤-១ ក្រោមថ្វីជើងក្រុម Watford ក្នុងខែនេះ ជាការបរាជ័យលើកទី៧ ក្នុងការប្រកួត ១៣លើកនៃការប្រកួតទាំងអស់ដែលបានបណ្តាលឲ្យក្លិប ធ្លាក់ទៅឈរនៅលំដាប់ទី៨ ក្នុងលីគ Premier League នារដូវកាលនេះ។

ក្លិប United នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលីគនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕