(ភ្នំពេញ)៖ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីកីឡាករសំខាន់ៗជាច្រើន បានចាកចេញជាបន្ដបន្ទាប់ ក្រោយចប់រដូវកាលឆ្នាំ២០២១។ តែយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ក្លិបរបស់ខ្លួននឹងកាន់តែរឹងមាំថែមទៀត។

បុរសជនជាតិជប៉ុនរូបនេះបានបង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «អរគុណច្រើនដែលចូលរួមជួយក្លិប (ភ្ជាប់ជាមួយរូបភាពកីឡាករ ឈង់ ប៊ុនណាត, ឡុង ភារ៉ាត់ និង ឡុង ម៉េងហាវ)។ អ្នកគាំទ្រ Tiger ខ្ញុំពិតជាសោកស្ដាយដែលខ្ញុំមិនអាចរក្សាពួកគេបាន។ For Visakha and Svay Rieng fans សូមគាំទ្រទាំងពីរ។ ប៉ុន្ដែ Tiger កាន់តែរឹងមាំ»

ការបង្ហោះសារសោកស្ដាយនេះ បន្ទាប់ពីក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករស្នូល ៦រូបរួមមានកីឡាករ ឈង់ ប៊ុនណាត, ឡុង ភារ៉ាត់, ឡុង ម៉េងហេង, ខ្សែប្រយុទ្ធតុងហ្គា Ata Inia, ខ្សែបម្រើជប៉ុន Kosuke Uchida និងកីឡាករបេឡារូស Maksim Taleyko រួមទាំងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Orio Mohedano Segura ផងដែរ។

ជុំវិញការចាកចេញនូវសមាជិកសំខាន់ៗជាច្រើននេះ លោក Yusuke Shinoda អ្នកគ្រប់គ្រងនៅក្លិបអង្គរថាយហ្គឺរបានបញ្ជាក់ថា នេះគឺជាការសម្រេចចិត្តរបស់កីឡាករ ហើយក៏ជាពេលវេលាដ៏លំបាកសម្រាប់ក្លិបដែរ។ បែបនេះក្ដី ក៏ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ នៅតែរក្សាជំហររឹងមាំរបស់ខ្លួន ក្នុងការនាំចូលកីឡាករថ្មីៗ និងផ្ដល់ឱកាសដល់កីឡាករវ័យក្មេង ដើម្បីត្រៀមរដូវកាលថ្មីបន្ដទៀតដែរ។

លោក Yusuke Shinoda បាននិយាយថា «រៀងរាល់ចុងបញ្ចប់នៃរដូវកាល គឺមិនដែលងាយស្រួលសម្រាប់យើង និងអ្នកគាំទ្រឡើយ ដែលមានកីឡាករជាច្រើនចាកចេញ។ មូលហេតុនោះគឺ វាជាការសម្រេចចិត្តរបស់យើង និងជាការសម្រេចចិត្តរបស់កីឡាករខ្លួនឯងផ្ទាល់ ដែលពួកគេចង់ទទួលបានការប្រកួតប្រជែងថ្មីជាមួយនឹងកម្រិតដ៏ខ្លាំងមួយទៀត ទោះបីជាយើងចង់រក្សាទុកពួកគេ ដើម្បីប្រកួតប្រជែងសម្រាប់រដូវកាលក្រោយក៏ដោយ»

«វាជាពេលវេលាដ៏ល្អ ដែលកីឡាកររបស់យើងក្ដោបយកឱកាសល្អៗដទៃទៀត។ តែទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យ និងគោលដៅរបស់ក្លិប គឺក្លាយជាជើងឯក ដែលវាគឺមិនប្រែប្រួលនោះទេ។ ទោះបីជាកីឡាករល្អៗរបស់យើងចាកចេញទៅក៏ដោយ យើងនៅតែផ្ដោតលើការងាររបស់ពួកយើង។ ការចុះហត្ថលេខាយកកីឡាករល្អៗថ្មីៗ និងចង់ផ្ដល់ឱកាសដល់កីឡាករវ័យក្មេងដែលមានទេពកោសល្យរបស់យើងផងដែរ»

លោកបន្ដថា «តាមដែលខ្ញុំចាំ បន្ទាប់ពីរដូវកាលឆ្នាំ២០២០ បានបញ្ចប់ គ្រប់គ្នាបានភ្ញាក់ផ្អើល និងមិនរំពឹងពីការរីកចម្រើនរបស់យើងក្នុងរដូវកាលឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្ដី រដូវកាលឆ្នាំ២០២១ គឺជារដូវកាលដ៏ល្អបំផុតរបស់យើងចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១។ ពួកយើង ក្នុងនាមជាក្រុមមួយ នឹងព្យាយាមបង្កើតពេលវេលារីករាយសម្រាប់អ្នករាល់គ្នាក្នុងឆ្នាំ២០២២។ អរគុណអ្នកទាំងអស់គ្នា។ ពាក្យសម្ដីរបស់អ្នកទាំងអស់គ្នាបានធ្វើឲ្យយើងរឹងមាំ និងតែងធ្វើឲ្យយើងមានកម្លាំងចិត្ត»

សូមរំឮកថា កាលពីឆ្នាំ២០២០ អង្គរថាយហ្គឺរ ក៏បានផ្លាស់ប្ដូរកីឡាករទ្រង់ទ្រាយធំជាង ១០នាក់ផងដែរ។ ប៉ុន្ដែក្រោយការនាំចូលកីឡាករថ្មីៗ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស បានធ្វើឲ្យក្លិបដឹកនាំដោយជនជាតិជប៉ុនមួយនេះ ចាប់ផ្ដើមការប្រកួតកាលពីដើមរដូវកាលយ៉ាងល្អ ទោះបីពួកគេ ពុំទទួលបានពានអ្វីមួយរវាងលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ក៏ដោយ៕