(ក្រុងឡុងដ៍)៖ ក្រុមជើងឯកអឺរ៉ុប UEFA Champions League រដូវកាលមុន Chelsea នឹងត្រូវក្រុមមួយក្នុងចំណោមទាំង ៣ក្រុមរួមមាន Al Hilal, Al Jazira ឬក៏ Auckland City ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup 2021 ដែលពន្យារពេលទៅឆ្នាំ២០២២ ដោយសារវិបត្តិកូវីដ-១៩។

តោខៀវ Chelsea បានយកឈ្នះក្រុមកពីអង់គ្លេសដូចគ្នា Manchester City នាវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះជើងឯក UEFA Champions League ជាលើកទី២ របស់ពួកគេកាលខែឧសភា ឆ្នាំ២០២១ កន្លងទៅ។

Al Hilal របស់អារ៉ាប៊ីសាអូឌីត ត្រូវក្រុម Al Jazira របស់ម្ចាស់ផ្ទះអារ៉ាប់រួម UAE ដើម្បីស្វែងក្រុមឈ្នះឡើងទៅប៉ះ Auckland មកពីទ្វីបអូសេអានី ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ៤ក្រុមដែលត្រូវប៉ះតោខៀវ Chelsea ដែលឈរចាំស្រាប់នោះ ដ្បិត ១ប្រកួតទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាការជួបគ្នារវាងក្រុម Palmeiras ដែលជាជើងឯក Copa Libertadores ទល់នឹង Al Ahly ឬក៏ Monterrey របស់មិចស៊ិក។

ដំបូងឡើយពានលេងរៀងរាល់ចុងឆ្នាំម្តង FIFA Club World Cup ឆ្នាំ២០២១ នេះគ្រោងធ្វើឡើងនាខែធ្នូ ប្រទេសជប៉ុន ក្រោយមកក៏ប្រកាសដកខ្លួនវិញ ក្រោមហេតុផលវិបត្តិជំងឺកូវីដ-១៩ ដោយលើកមកធ្វើនៅប្រទេសសហព័ន្ធអារ៉ាប់រួម UAE វិញចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមាន ៧ក្លិបចូលរួមដែលជើងឯកមកពី ៦តំបន់។

Liverpool ជាអតីតជើងឯក Club World Cup 2019 នៅពេល Manchester United ឈ្នះក្នុងឆ្នាំ២០០៨ គ្រាដែល Chelsea ចាញ់ក្រុម Corinthians របស់ប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០១២ កន្លងទៅ៕