(ភ្នំពេញ)៖ កីឡាបាល់ទាត់ គឺពិតជាមានការពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ន ពិសេសគឺចាប់តាំងពីចក្រភពអង់គ្លេសចាប់ផ្ដើមបំផុសការលេងកីឡាមួយនេះ ប៉ុន្តែកីឡាបាល់ទាត់មិនមែនមានប្រភពដំបូងនៅចក្រភពអង់គ្លេសនោះឡើយ។ បើអ៉ីចឹង តើកីឡាបាល់ទាត់មានប្រភពនៅប្រទេសណាមុនគេ?

banner

តាមដែលមានការកត់ត្រាទុកមក ជនជាតិចិនលេងបាល់តាំងពីជាង២០០០ឆ្នាំមកហើយ កាលណោះគេហៅកីឡានេះថា ស៊ូឈូ (Tsu-chu) ឬឃូជូ (Cuju) ដែលត្រូវបានគេប្រើក្នុងការបង្វឹកកងទ័ពចិនបុរាណ។ ការលេង គឺត្រូវមានបាល់ស្បែកដែលញាត់រោមសត្វ និងរោមបក្សី ដោយអ្នកលេងពីរក្រុមព្យាយាមទាត់បាល់បញ្ចូលទីរបស់ក្រុមភាគីម្ខាងៗ ដោយមិនប្រើដៃឡើយ។ ទីម្ខាងៗធ្វើឡើងពីការយកផ្ទាំងក្រណាត់មកចោះជាប្រហោងត្រង់កណ្តាល ហើយចងសន្ទឹងនឹងបង្គោលឫស្សី ឬឈើ។

កីឡាស៊ូឈូត្រូវគេកត់ត្រាជាលើកដំបូងនៅសតវត្សទី៤ ឬទី៣ មុនគ្រិស្ដសករាជ ពោលគឺក្នុងសម័យនគរសង្គ្រាម ឬ Warring States ដែលកាលណោះប្រទេសចិនមាននគរតូចធំជាច្រើន ដូចជា នគរឈីង (Qin state) នគរឈូ (Chu state) នគរហាន (Han state) នគរវ៉ី (Wie state អ្នកខ្លះហៅ វួយ ឬ អ៊ួយ) នគរឈី (Qi state) នគរជីង (Jin state) នគរយាន (Yan state) នគរចាវ (Zhoa state) នគរអ៉ីឈី (Yiqi) នគរប៉ាស៊ូ (Ba-Shu) ជាដើម ហើយសម្រាប់កីឡាស៊ូឈូនេះត្រូវបានកត់ថាមានវត្តមានដំបូងនៅក្នុងនគរឈី។

រហូតមកដល់សម័យរាជវង្សសុង (Song dynasty 960-1279) កីឡាស៊ូឈូក៏មានការពេញនិយមលេងកម្សាន្តខ្លាំងឡើងៗពីសំណាក់ប្រជាជនចិន ក្នុងនោះក៏បានរីកសាយភាយទៅដល់ប្រទេសជប៉ុន អាណាចក្រឃួរយ៉រ (Goryeo Kingdom) ប្រទេសកូរ៉េ និងអាណាចក្រដាយវៀត (Dia Viet Kingdom) ប្រទេសវៀតណាមទៀតផងដែរ។

បន្ទាប់ពីរាជវង្សសុងត្រូវបានផ្ដួលរំលំដោយពួកម៉ុងហ្គោលបាត់ទៅ រាជវង្សយ័ន (Yuan dynasty 1271-1368) ដែលជារាជវង្សរបស់ម៉ុងហ្គោលនោះ ក៏បានគ្រប់គ្រងប្រទេសចិនជំនួសវិញ នៅពេលនោះហើយដែលលោក ម៉ាកូ ប៉ូឡូ (Marco Polo) អ្នកផ្សងព្រេងជនជាតិវេនិស (Venice) បានទៅដល់ប្រទេសចិន ហើយក៏បានគាប់បម្រើស្ដេចរាជវង្សយ័ន គូប៊ីឡៃខាន់ (Kublia Khan) រហូតដល់បានចេះដឹងនូវវប្បធម៌ជាច្រើនរបស់ចិន។ ក្រោយមក ម៉ាកូ ប៉ូឡូ ក៏បានត្រលប់ទៅអឺរ៉ុបវិញ និងបានផ្សព្វផ្សាយវប្បធម៌អាស៉ីជាច្រើន ក្នុងនោះក៏មានត្រីវិស័យ និងកីឡាស៊ូឈូនេះផងដែរ។

នៅពេលដែលរាជវង្សយ័នរបស់ម៉ុងហ្គោលត្រូវបានកម្ចាត់ចេញពីប្រទេសចិនវិញនោះ រាជវង្សម៉េង (Ming dynasty 1368-1644) របស់ជនជាតិហានក៏បានគ្រប់គ្រងប្រទេសចិនជំនួស ហើយកីឡាស៊ូឈូក៏ត្រូវបានគេបំភ្លេចចោលនៅប្រទេសចិន ប៉ុន្តែនៅប្រទេសជប៉ុន កីឡាស៊ូឈូនេះត្រូវគេបំប្លែងការលេងឱ្យទៅជាកីឡាប្រភេទថ្មីហៅថា ខេម៉ារិ (Kemari)។

រីឯនៅអឺរ៉ុប ចាប់តាំងការត្រលប់ទៅវិញរបស់លោក ម៉ាកូ ប៉ូឡូ នោះមក កីឡាស៊ូឈូក៏ចេះតែទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអឺរ៉ុប ហើយបានបំប្លែងទៅជាកីឡាបាល់ទាត់បណ្ដើរៗរហូតមក។ ការពេញនិយមលេងបាល់ទាត់បានរីករាលដាលទៅដល់ចក្រភពអង់គ្លេសនៅសតវត្សទី១២។ ដំបូងឡើយ កីឡានេះលេងដោយមានមនុស្សច្រើន និងប្រកួតនៅក្នុងទីលានធំៗ ដែលការលេងមានការប៉ះទង្គិចគ្នាជាខ្លាំង រហូតដល់ថ្នាក់មានមនុស្សស្លាប់ក៏មាន។ ដោយសារបញ្ហានេះហើយ ទើបនាំឱ្យមានការតាក់តែងច្បាប់កីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀត។ ច្បាប់បាល់ទាត់ដំបូងត្រូវបានបង្កើតឡើងក្នុងឆ្នាំគ្រិស្ដសករាជ ១៨៤៨ ក្នុងកិច្ចប្រជុំមួយនៅសាកលវិទ្យាល័យខេមប្រ៊ីដ Cambridge ចក្រភពអង់គ្លេស និងប្រជុំសម្រេចដាក់ឱ្យប្រើប្រាស់នៅឆ្នាំគ្រិស្ដសករាជ ១៨៦៣ នារាជធានីក្រុងឡុងដ៍។

សូមជម្រាបថា បច្ចុប្បន្ន គូភាគីដែលលេងកីឡាបាល់ទាត់ត្រូវបានបែងចែកជា២ក្រុម ដោយមួយក្រុមៗមានសមាជិក១១នាក់។ ភាសាអង់គ្លេសហៅកីឡាបាត់ទាត់នេះថា Football (foot ជើង, ball បាល់) តែនៅសហរដ្ឋអាមេរិក និងកាណាដាវិញ គេប្រើពាក្យថា Soccer ខណៈដែល Football សំដៅលើកីឡាបាល់ឱបទៅវិញ៕