(បរទេស)៖ សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Twitter លោក Jack Dorsey បានប្រកាសលាលែងពីតំណែង និងបាន ប្រគល់ឱ្យលោក Parag Agrawal ប្រធានផ្នែកបច្ចេកវិទ្យា (CTO) ឡើងកាន់កាប់តំណែងបន្តភ្លាមៗតែម្ដង។

តើលោក Parag Agrawal នាយកប្រតិបត្តិថ្មីរបស់ Twitter គឺជានរណា?

លោក Parag Agrawal គឺមានដើមកំណើតឥណ្ឌា និងសញ្ជាតិអាមេរិក បានកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៨៣ (គិតត្រឹមបច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ) នៅក្នុងទីក្រុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា ដោយមានឪពុកជាមន្ត្រីជាន់ខ្ពស់នៅក្នុងនាយកដ្ឋានថាមពលអាតូមិករបស់ប្រទេសឥណ្ឌា និង ម្ដាយ ជាគ្រូបង្រៀន។

គាត់បានសិក្សានៅសាលា Atomic Energy Central School ហើយបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិឆ្នាំ ២០០១ ដែលធ្វើឡើងនៅប្រទេសតួកគី។ នៅឆ្នាំ ២០១៥ លោក Agrawal បានទទួលសញ្ញាប័ត្របរិញ្ញាបត្រពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Bombay និងបានផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យស្ទែនហ្វដ (Stanford University)។

នៅមុនពេលចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter លោក Agrawal បានចុះកម្មសិក្សា និងបម្រើការងារនៅក្នុងក្រុមហ៊ុនអាមេរិកធំៗដូចជា ក្រុមហ៊ុន AT&T, Microsoft Research និង Yahoo! Research ហើយនៅខែតុលា ឆ្នាំ២០១១ លោកបាន ចូលបម្រើការងារនៅក្នុង ក្រុមហ៊ុន Twitter ជាវិស្វករផ្នែក Software។

នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០១៧ ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Twitter គឺលោក Adam Massinger បានលាលែងពីតំណែង ហើយតំណែងមួយនេះក៏ត្រូវធ្លាក់មកលើលោក Agrawal ជាអ្នកកាន់កាប់ និងទទួលបន្ទុកបន្ត។ នៅក្នុងពេលបម្រើការងារនៅក្នុងបណ្ដាញសង្គម អាមេរិកមួយនេះ លោក Agrawal ត្រូវបានគេដឹងថា បានទទួលការងារខុសត្រូវលើកិច្ចការសំខាន់ៗមួយចំនួនដូចជា Agrawal «យុទ្ធសាស្ត្របច្ចេកទេស, ត្រួតពិនិត្យម៉ាស៊ីន និងបច្ចេកវិទ្យា AI, គ្រប់គ្រងអ្នកប្រើប្រាស់ទូទៅ, គ្រប់គ្រងចំណូល និងដឹកនាំក្រុមវិទ្យាសាស្ត្រ»

ប្រភពដែលជិតស្និទ្ធមួយចំនួនបានបង្ហើបឱ្យដឹងថា លោក Jack Dorsey បានផ្ដល់នូវទំនុកចិត្តខ្ពស់លើរូបលោក Agrawal និងបានប្រគល់ការងារ សំខាន់ៗជាច្រើនឱ្យលោកដឹកនាំ និងកាន់កាប់ថែមទៀត៕