(ភ្នំពេញ)៖ លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា រំពឹងថា សិក្ខាកាមអាចរៀបចំការប្រកួតតាមមូលដ្ឋាន និងខេត្តរៀងៗខ្លួន ក្រោយបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតជំនាន់ទី១ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងទីលានបាល់ទាត់វិទ្យាល័យ ជាស៊ីម បឹងកេងកង។

អនុប្រធានសហព័ន្ធដដែល បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀនសូត្រ និងយកចិត្តទុកដាក់របស់សិក្ខាកាម ដើម្បីពង្រឹងសមត្ថភាពក្នុងការរៀបចំការប្រកួតដោយខ្លួនឯង។ ដូច្នេះលោកសង្ឃឹមថា ក្រោយចប់វគ្គនេះ សិក្ខាកាមទាំងអស់ នឹងពិនិត្យលទ្ធភាពរៀបចំ ក៏ដូចជាចូលរួមរៀបចំការប្រកួតផ្សេងៗ ដើម្បីបំផុសសកម្មភាព និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ឱបកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ ចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតនេះឡើង ដែលជាការរួមចំណែកមួយ ក្នុងការជំរុញកម្លាំងចលករអភិវឌ្ឍន៍វិស័យកីឡាជាតិ ស្របតាមកំណែទម្រង់យុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតនេះ មានសិក្ខាកាមចូលរួម ២៥នាក់មកពីរាជធានី-ខេត្ត និងក្លិបចំនួន ៨ ដោយសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ។ សហព័ន្ធបានជំរុញសិក្ខាកាមទាំងអស់ យកចំណេះជំនាញពីការសិក្សាវគ្គនេះ ទៅអនុវត្តន៍តាមក្លិប បណ្ដាលខេត្ត និងជួយដល់ការរៀបចំការប្រកួតផ្សេងៗ របស់សហព័ន្ធកីឡាបាល់ឱបកម្ពុជាផងដែរ ៕