(ភ្នំពេញ)៖ ព្រឹត្តិការណ៍ធំៗ ចំនួន ៣ ដែលចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ដ្រ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នឹងត្រូវរៀបចំរួមគ្នា នាថ្ងៃទី១៨ ខែធ្នូ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា កម្មវិធីទាំង ៣ រួមមានទី១-ពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ទី២-ពិធីអបអរសាទរ ការរាប់ថយក្រោយ ៥០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣) និងទី៣-ការប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយស៊ីហ្គេម ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាជាសម្លេងតែមួយ ជួយរៀបចំការប្រកួតស៊ីហ្គេម ក្រោមប្រធានបទ «កីឡារស់ក្នុងសន្ដិភាព»

ការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងទេសចរណ៍នេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗខាងលើ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ក៏ដូចជាតំណាងក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។

លោកបន្ដថា «នេះគឺជាពិធីមួយដ៏មានសារៈសំខាន់ និងជាកំណត់ត្រាមួយថ្មី សម្រាប់កត់ត្រាទុកក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយក៏ជាកំណត់ត្រាមួយប្រចាំឲ្យប្រវត្តិសាស្ដ្រ នៃដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ»

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាកំណត់ត្រាថ្មីនេះ គណៈកម្មាធិការជាតិ CAMSOC សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងមានរៀបចំកម្មវិធីជាច្រើន រាប់តាំងពីការធ្វើពិធីក្រុងពាលី រហូតដល់ថ្ងៃពិធីផ្លូវការ មានដូចជាការបង្ហាញនូវប្រភេទកីឡា ការសម្ដែងសិល្បៈ វប្បធម៌ ស្ដីពីមោនទភាព នៃចំណងមិត្តភាពដែកថែប ចំណងមិត្តភាពវាសនារួមតែមួយ រវាងកម្ពុជា-ចិន។ អ្វីដែលពិសេស កិច្ចប្រជុំបានព្រមព្រៀងគ្នាក្នុងការអនុញ្ញាតឲ្យមានអ្នកចូលរួមចំនួន ១៥,០០០នាក់ទៀតផង។

លោក វ៉ាត់ ចំរើន បន្ថែមថា ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យមានការចូលរួមទស្សនា និងអបអរសាទរព្រឹត្តិការណ៍ខាងលើ នឹងធ្វើឡើងក្រោមវិធានការសុវត្ថិភាពខ្ពស់ ស្របតាមគោលការណ៍ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាតសុវត្ថិភាព ការវាស់កម្ដៅ ការបាញ់អាល់កុល និងការធ្វើតេស្ដរហ័ស មុននឹងអនុញ្ញាតឲ្យចូលក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោជាដើម៕