(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពនៃសេវាសុខាភិបាល ជាពិសេសក្នុងការព្យាបាល ប្រកបដោយប្រសិទ្ធភាព ដូចប្រទេសនានាលើសកលលោក គ្លីនិកឯកជនដំបូងគេ អូរ៉េន ឃែនស័រ (Orange Cancer Clinic) ឯកទេសខាងព្យាលបាលជំងឺមហារីក និងជំងឺឈាម ជាមួយនឹងឧបរណ៍ទំនើប បានបើកសម្ពោធជាផ្លូវការ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាមួយនឹងការធានាអះអាងមានតម្លៃព្យាបាលទាបជាងបរទេសរហូតដល់៧ដង។

ពិធីបើកសម្ភោធគ្លីនិក អូរ៉េន ឃែនស័រនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការ ចូលរួមពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានគ្លីនិកអូរ៉េន ឃែនស័រ និងជាគ្រូពេទ្យឯកទេសជំងឺមហារីក, លោក Deonne Rosales តំណាងក្រុមហ៊ុន Elekta រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ លើកកម្ពស់វិស័យសុខាភិបាល ដោយបន្តផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ ព្រមជាមួយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សុខាភិបាល ទាំងផ្នែករដ្ឋ និងផ្នែកឯកជន តាមរយៈការបង្កើនថវិកាជាតិជាលំដាប់ចំពោះការចំណាយសាធារណៈក្នុងវិស័យនេះ។

លោក ឃួង ស្រេង បានបន្ថែមថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ ដើម្បីបង្វិតសេវាសុខាភិបាលឱ្យកៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈអភិបាលបានខិតខំពង្រឹង និងពង្រីកយន្តការនៃការ ផ្តល់សេវាផ្នែករដ្ឋព្រមទាំងបង្កលក្ខណៈដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ដែលជាសេវាសុខាភិបាលគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល សុខាភិបាលាឯកជន ២,៧៥៧ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា បានឱ្យដឹងដែរថា ការបើកសម្ភោធគ្លីនិកអូរ៉េន ឃែនស័រ នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ ការព្យាបាលក្នុងស្រុក និងបំពេញ បន្ថែមលើសេវាសុខាភិបាលសាធារណៈដែលកំពុងជួបការលំបាក និងស្របតាមគោលនយោបាយលើកទឹកចិត្ត ដល់វិស័យឯកជនរបស់រាជរដ្ឋាភិបាល។ គ្លីនិកអូរ៉ែន ឃេនស័រនេះមានបំពាក់ឧបករណ៍ទំនើបៗ តាមស្តង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ធ្វើតេស្តស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន។

វេជ្ជបណ្ឌិត អ៊ាវ សុខា បានបន្ថែមថា ក្នុងនាមជាអ្នកជំនាញព្យាបាលជំងឺមហារីកជាង៣០ឆ្នាំមកនេះ លោកជឿជាក់ថា កម្ពុជាពិតជាមានការរីក ចំរើនយ៉ាងក្រៃលែង ទោះបីជាមានជួបការខ្វះខាតមួយចំនួនក៏ដោយ ប៉ុន្តែដរាបណាកម្ពុជានៅរក្សាបាននូវសន្តិភាព ឯកភាពជាតិ និងបើកចំហរគោលនយោបាយសេដ្ឋកិច្ចនោះ នឹងនៅតែបន្តមានការអភិវឌ្ឍទៅមុខដូចប្រទេសជឿនលឿនដទៃទៀតមិនខានឡើយ។

សូមបញ្ជាក់ថា អគារគ្លីនិក អូរ៉ែន ឃែនស័រ នេះ បានចាប់ផ្តើមសាងសង់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ មានកំពស់៤ជាន់ ដែលត្រូវបែងចែក៣ជាន់ខាងលើ ជាបន្ទប់សម្រាកព្យាបាល និងជាន់ផ្ទាល់ដីមានបន្ទប់ពិគ្រោះជម្ងឺចំនួន៣ សង្គ្រោះបន្ទាន់មាន៤ បន្ទប់ថតសុដន់ បន្ទប់ថតអេកូ បន្ទប់ថតកាំរស្មីអ៊ិច បន្ទប់ថតស៊ីធីល្គុន និងបន្ទប់សម្រាកព្យាបាលមហារីកដោយកាំរស្មី១។

គ្លីនិកអូរ៉ែនឃែនស័រ អាចទទួលអ្នកជំងឺឲ្យសម្រាកព្យាបាលបានចំនួនពី ៤០ទៅ៥០នាក់ ក្នុងពេលតែមួយ បន្ថែមលើការពិគ្រោះជំងឺ ជូនអ្នកជំងឺដែលមិនសម្រាក នៅក្នុងគ្លីនិកជាច្រើននាក់ទៀត៕