(ភ្នំពេញ)៖ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក្រោមការដឹកនាំរបស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកនូវថវិកា ចំនួន ១០,០០០,០០០រៀល ទឹកសុទ្ធ ២០កេស និងម៉ាស ១០០ប្រអប់ ឧបត្ថម្ភជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។

លោក តូច ចៅចេក បានលើកឡើងថា ជារៀងរាល់ឆ្នាំធនាគារប្រៃសណីយ៍កម្ពុជា តែងតែធ្វើវិភាគទានសប្បុរសធម៌ និងការបរិច្ចាគផ្សេងៗជូនដល់បុគ្គលគ្មានទីពឹង អង្គការ សាលារៀន ទីវត្តអារាម មណ្ឌលសុខភាព ដើម្បីជាចំណែកមួយក្នុងការជួយឱ្យពួកគាត់ទទួលបាននូវការផ្គត់ផ្គង់ដ៏សមស្របមួយ។ មិនត្រឹមតែប៉ុណ្ណោះក៏បាន ឧបត្ថម្ភជាសម្ភារ និងថវិកាជូនដល់រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិដើម្បីប្រើប្រាស់តាមបណ្តាអង្គភាព និងមូលដ្ឋានដែលទាំងអស់នេះសុទ្ធសឹង តែជាផែនការ យុទ្ធសាស្ត្រដែលបានកំណត់។

លោក តូច ចៅចេក បានបន្ថែមទៀតថា អង្គការអាហ្វេស៊ីបកម្ពុជា បានជួយគាំពារ និងការពារកុមារីរងគ្រោះ និងងាយរងគ្រោះរាប់ម៉ឺននាក់រួចរាល់មកហើយ ដែលបាន ធ្វើឱ្យកុមារី ទាំងអស់នោះទទួលបាននូវជំរក ការសិក្សា ការអប់រំបណ្តុះបណ្តាលទាំងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលជាកត្តាលីករ នាំឱ្យពួកគាត់មានឱកាស ក្នុងការត្រឡប់ទៅប្រកបការងារ និងរស់នៅក្នុងសហគមន៍របស់ពួកគាត់វិញ និងបន្តក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។ ធនាគារប្រៃសណីយ៍កម្ពុជា
មានសេចក្តីសោមន្សរីករាយបានក្លាយជាចំណែកមួយក្នុងការចូលរួមជួយដល់កុមារីកម្ពុជា ទោះបីត្រឹមតែចំនួនទឹកប្រាក់ និងសម្ភារបន្តិចបន្តួចនេះក្តី។

ប្រធានធនាគារប្រៃសណីយ៍កម្ពុជា ក៏បានអំពាវនាវ និងលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមបរិច្ចាគ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់អង្គការកុមារ ចាស់ជរា ជនពិការ ក៏ដូចជាជនដែលកំពុងតែត្រូវការជំនួយ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈរ និងបន្តដំណើរទៅមុខ ក៏ដូចជាការអភិវឌ្ឍន៍ខ្លួន ក្លាយជាបុគ្គលគំរូសម្រាប់សង្គមនាថ្ងៃខាងមុខ។

បន្ថែមពីលើនេះធនាគារ បានបង្កើតជាគណនីមនុស្សធម៌មួយជូនអង្គការដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើការបរិច្ចាគជាថវិកាប្រចាំខែ ឬប្រចាំឆ្នាំ ទោះបីក្នុងទំហំទឹកប្រាក់តិចក្តី ច្រើនក្តី ដើម្បីក្តីសង្ឃឹមថ្មីរបស់ស្រ្តីរងគ្រោះដែលនឹងក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត។ គណនីសម្រាប់បរិច្ចាគ៖ KHR: 610000000534 , USD: 610000000526 (AFESIP CAMBODIA ORGANIZATION)។

គួរបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះ តាមរយៈការផ្ដល់ជាជំរក ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានជួយការពារ និងគាំពារកុមារីរាប់ពាន់នាក់៕