(រីយ៉ូ)៖ ក្លិបបាល់ទាត់ប្រេស៊ីល Flamengo បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Renato Gaucho បន្ទាប់ពីក្លិបបានបរាជ័យ ក្រោមថ្វីជើងគូប្រជែង Palmeiras ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគ Copa Libertadores។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

លោក Renato បានដឹកនាំក្លិបទទួលបានជ័យជម្នះ ២៥ដង ស្មើ៨ដង និងបរាជ័យ ៥ប្រកួត បន្ទាប់ពីការតែងតាំងរបស់លោកកាលពីខែកក្កដាឆ្នាំនេះ។

«Falmenco សូមប្រកាសថា បន្ទាប់ពីមានការជជែករវាងភាគីទាំងពីរ គ្រូបង្វឹក Renato Gaucho គឺមិនទទួលបន្ទុកដឹកនាំក្រុមដំបូងទៀតនោះទេ» នេះបើតាមក្លិបស្ថិតនៅទីក្រុង Rio de Janeiro បានឲ្យដឹងតាមរយៈ Twitter។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី Flamengo បានបរាជ័យក្រោមថ្វីជើងក្រុម Palmeiras ក្នុងលទ្ធផល ២-១ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃក្លិបកំពូលរបស់ទ្វីបអាមេរិកខាងត្បូងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ជំនួយការគ្រូបង្វឹក លោក Mauricio Souza នឹងទទួលបន្ទុកដឹកនាំក្រុម ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ។

សូមបញ្ជាក់ថា ក្លិប Flamengo បច្ចុប្បន្ន កំពុងស្ថិតនៅលំដាប់ទី២ ក្នុងលីគ Serie A របស់ប្រេស៊ីល មាន ១១ពិន្ទុឈរនៅពីក្រោយក្រុមនាំមុខ Atletico Mineiro៕