(មេនឆេស្ទើ)៖ គ្រូបង្វឹកបណ្តោះអាសន្នក្លិប Manchester United លោក Ralf Rangnick នឹងមិនអាចទទួលបន្ទុកដឹកនាំក្រុម សម្រាប់ការប្រកួតលីគ Premier League ដែលត្រូវប៉ះក្រុមភ្ញៀវ Arsenal នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ដោយសារការងារធ្វើទិដ្ឋាការរបស់លោក មិនទាន់រួចរាល់នៅឡើយ។ នេះបើតាមការឲ្យដឹងពីក្លិបនាថ្ងៃអង្គារ ដោយក្លិបបន្ថែមថា លោក Michael Carrick នឹងនៅតែបន្តជាអ្នកចាត់ការបណ្តោះអាសន្នដដែល។

United បានតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីបានបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង។ លោក Rangnick វ័យ ៦៣ឆ្នាំ បន្ទាប់ពីនោះនឹងបន្តតួនាទីជាទីប្រឹក្សាក្លិបសម្រាប់រយៈពេល ២ឆ្នាំបន្ថែមទៀត។

អតីតខ្សែបម្រើក្លិប United លោក Carrick ដែលជាជំនួយការម្នាក់ ក្នុងចំណោមជំនួយការរបស់លោក Solskjaer នោះ បានដឹកនាំក្រុម សម្រាប់ការប្រកួតជ័យជម្នះក្នុងលីគ UEFA Champions League របស់ពួកគេលើក្រុម Villarreal កាលពីសប្តាហ៍មុន និងស្មើ ១-១ ជាមួយក្រុម Chelsea កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា United កំពុងឈរនៅលេខរៀងទី៨ ក្នុងតារាង Premier League ដោយមាន ១៨ពិន្ទុពី ១៣ប្រកួតជើងទី១ នេះ៕