(ប៉េកាំង)៖ ចិន បានរំពឹងថា នឹងប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ (2022 Winter Olympics) យ៉ាងរលូន និងតាមការគ្រោងទុកដដែល បើទោះបីជាមានការលេចឡើងការរីករាលដាលមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងក៏ដោយ។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេស លោក Zhao Lijian បានប្រាប់នៅក្នុងការផ្តល់ព័ត៌មានសង្ខេបប្រចាំថ្ងៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

«ខ្ញុំជឿជាក់ថា វាពិតជានឹងបង្កបញ្ហាប្រឈមមួយចំនួនដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការទប់ស្កាត់ និងគ្រប់គ្រងមេរោគ ប៉ុន្តែដោយសារប្រទេសចិន មានបទពិសោធន៍ក្នុងការបង្ការ និងគ្រប់គ្រងមេរោគនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ចិននឹងអាចធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាតាមការគ្រោងទុកយ៉ាងរលូន និងជោគជ័យ»។ នេះបើតាមសម្តីលោក Zhao បានលើកឡើង។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង គ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដោយគ្មានវត្តមានអ្នកទស្សនាគាំទ្របរទេស ជាមួយនឹងអត្តពលិក និងមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់ស្នាក់នៅក្នុងតំបន់ដែលមានការតាមដាន ព្រមទាំងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ជាប្រចាំថ្ងៃទៀតផង។

ស្ថិតក្រោមគោលនយោបាយ «គ្មានកូវីដ» ចិន បានជាប់ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានវិធានការទប់ស្កាត់មេរោគកូវីដ១៩ យ៉ាងតឹងរឹងជាងគេបំផុតនៅលើពិភពលោក៕