(មេនឆេស្ទើ)៖ ១ប្រកួតចុងក្រោយបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល F នៅពានអឺរ៉ុប UEFA Champions League រវាងក្រុម Manchester United និង Young Boys នៅទឺកដី Old Trafford អាចត្រូវទីតាំងប្រកួត ដ្បិតស្វីសរឹតត្បិតចំពោះអ្នកចេញពីអង់គ្លេសចូលប្រទេសរបស់ខ្លួន។

តាមគម្រោង ក្រុមអង់គ្លេស Man Utd នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Young Boys មកពីស្វីសនាថ្ងៃទី០៨ ខែធ្នូសប្តាហ៍ក្រោយនេះសម្រាប់ជើងទី២ នៅ UCL ក្រោយពេលបរាជ័យ ២-១ ក្នុងជើងទី១ នាខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

តែយ៉ាងណា ដោយសារមានក្តីបារម្ភពីការធ្វើចត្តាឡីស័ក ១០ថ្ងៃសម្រាប់អ្នកចេញពីអង់គ្លេស ចូលប្រទេសស្វីសនោះ ការប្រកួតបញ្ចប់ពូល F ខាងលើនេះ អាចនឹងត្រូវប្តូរទីតាំងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

ដូចគ្នានោះដែរ សហព័ន្ធ UEFA ក៏បានកំពុងពិនិត្យ និងពិភាក្សាក្នុងការរកទីតាំងថ្មី ដែលអាចឆ្លើយតបទៅនឹង Young Boys ដ្បិត Man Utd បានកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយហើយ នៅឡើយតែ Young Boys ដែលអាចមានកៅអីលេងនៅ UEFA Europa League ប្រសិនបើយកឈ្នះក្រុមលេងនៅ Premier League បាន៕