(អាមេរិក)៖ ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន Meta មេធំរបស់ Facebook លោក David Marcus បានប្រកាសលាឈប់ពី តំណែងនៅចុងឆ្នាំនេះ ដោយលោកនឹងទៅបង្កើតអ្វីដែលថ្មីសម្រាប់ខ្លួន និងពិភពលោក ខណ:ក្រុមអ្នកឃ្លាំមើលបានលើកឡើងថាការលែងឈប់នេះដោយសារតែលោកបរាជ័យលើគម្រោងជាច្រើននៅក្នុងក្រុមហ៊ុន Facebook។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Marcus ត្រូវបាន ក្រុមហ៊ុន Facebook ឬ Meta បានប្រគល់ការងារផ្នែករូបិយប័ណ្ណគ្រីបតូ ដែលត្រូវបានគេស្គាល់ឈ្មោះ Libra និងបានប្ដូរទៅជា Diem និងគម្រោងបង្កើតកាបូបលុយឌីជីថល Novi (wallet app)។

គម្រោងមួយនេះត្រូវបានក្រុមហ៊ុន Facebook បង្កើតឡើងតាំងពីឆ្នាំ២០១៩ ហើយរំពឹងថាវានឹងដំណើរការនៅក្នុងឆ្នាំ២០២០ ប៉ុន្តែវាត្រូវបាន រាំងស្ទះដោយសារតែបញ្ហាជាច្រើន ពោលគឺគម្រោងទាំងនេះត្រូវបានផ្អាក។

តាមការបញ្ជាក់ពីលោក Marcus បានឱ្យដឹងថា ការងារដែលលោកកំពុងធ្វើនៅក្នុងក្រុមហ៊ុន Facebook នឹងត្រូវផ្ទេរទៅឱ្យលោក Stephane Kasriel ដែលជាមិត្តរួមការងារទទួលបន្ទុកបន្ត ប៉ុន្តែព័ត៌មានទាំងនេះនៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការពីសំណាក់ ក្រុមហ៊ុន Facebook នៅឡើយទេ។

មុនពេលឈានជើងចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook លោក Marcus ធ្លាប់បានបម្រើការងារនៅក្នុងក្រុមហ៊ុន PayPal ក្នុងតួនាទីជាអគ្គនាយក ហើយនៅពេលចូលក្នុងក្រុមហ៊ុន Facebook លោកទទួលបន្ទុកជាប្រធានផ្នែក Facebook Messenger នៅឆ្នាំ ២០១៤ ហើយនៅឆ្នាំ២០១៨ លោកត្រូវបាន Facebook ឱ្យមកកាន់គម្រោងរូបិយប័ណ្ណគ្រីបតូ វិញ។

គួរបញ្ជាក់ផងដែរថា មេធំៗនៃគម្រោងរូបិយប័ណ្ណគ្រីបតូ របស់ Facebook ជាច្រើនត្រូវបានលាឈប់ ដោយនៅក្នុងនោះមាន Morgan Beller ជាស្ថានិកគម្រោង Libra បានលាឈប់កាលពីឆ្នាំ ២០២០, Kevin Weil និងម្នាក់ទៀតដែលជាសហស្ថាបនិក ក៏បានលាឈប់ផងដែរ កាលពី ខែមីនាកន្លងទៅនេះ៕