(ហ្សឺណេវ)៖ JTI ស្ថិតក្នុងចំណោម ក្រុមហ៊ុនទីមួយក្នុងពិភពលោក ដែលទទួលបានលិខិតសរសើរបញ្ជាក់ពីស្តង់ដារសមភាពពិភពលោក (Global Equality Standard) ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ EY ដោយទទួលបានពិន្ទុខ្ពស់បំផុតលើចំណុចមួយចំនួន ចំពោះការផ្តល់ឱកាសស្មើគ្នា និងប្រាក់បៀរវត្សស្មើគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

លិខិតសរសើរបញ្ជាក់ពីស្តង់ដារសមភាពពិភពលោកដោយ EY នេះ គឺជាលិខិតបញ្ជាក់កម្រិតពិភពលោកលើកទីមួយ ស្តីពីភាពចម្រះនិងការរួមបញ្ចូល ដែលដាក់ពិន្ទុលើការផ្តល់ឱកាសស្មើគ្នា និងប្រាក់បៀរវត្សស្មើគ្នា នៅកន្លែងធ្វើការ។ ស្តង់ដារនេះ ក៏អនុញ្ញាតឲ្យអាជីវកម្មអន្តរជាតិធំៗ យកទៅប្រើប្រាស់ដើម្បីធ្វើការវាយតម្លៃលើការអនុវត្ត ក្នុងការលើកកម្ពស់ផ្នែកចម្រុះនិងការរួមបញ្ជូល នៅក្នុងការប្រតិបត្តិការអាជីវកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុននានា។

ដើម្បីទទួលបានលិខិតសរសើរនេះ គឺតម្រូវឲ្យក្រុមហ៊ុននីមួយៗឆ្លងកាត់ការផ្តល់នូវភស្តុតាង បញ្ជាក់អំពីអ្វីដែលក្រុមហ៊ុនបានអនុវត្តក្នុងការការពារ និងលើកកម្ពស់សមភាពដល់គ្រប់បុគ្គលិកទាំងអស់ ព្រមទាំងបង្កើតនូវកន្លែងការងារមួយ ដែលផ្តល់សេរីភាពពេញលេញ និងទប់ស្កាត់ការរើសអើងគ្រប់ទម្រង់។

លោក Arun Batra នាយកប្រតិបត្តិនិងស្ថាបនិក នៃស្តង់ដារសមភាពិភពលោករបស់ EY បានថ្លែងថា៖ «យើងពិតជារីករាយក្នុងប្រគល់លិខិតសរសើរនេះ ដល់JTI។ ទម្រាំយើងសម្រេចចិត្តប្រគល់លិខិតសរសើរនេះ យើងតម្រូវឲ្យJTI ឆ្លងកាត់នូវការវាយតម្លៃដ៏តឹងរ៉ឹងមួយ។ JTI គួរមានមោទនភាព ចំពោះការបេ្តជ្ញាចិត្តនិងការខិតខំ ដើម្បីពង្រឹងធ្វើយ៉ាងណាឲ្យបុគ្គលិកគ្រប់រូប មានអារម្មណ៍កក់ក្តៅ និងរួមបញ្ចូល នៅក្នុងកម្រិតពិភលោកមួយពិតប្រាកដ»

អ្នកស្រី Christiane Bisanzio ប្រធាននាយិកាផ្នែកចម្រុះនិងការរួមបញ្ជូល និងធនធានមនុស្ស នៃក្រុមហ៊ុនJTI បានថ្លែងថា៖ «ភាពចម្រុះនិងការរួមបញ្ចូល គឺមានសារៈសំខាន់ចំពោះអាជីវកម្មយើង ហើយវាសំខាន់ដែលទីកន្លែងយើងធ្វើការ ត្រូវបានពិនិត្យនិងកែលំអ ដើម្បីផលប្រយោជន៍របស់បុគ្គលិកគ្រប់រូប។ ដូច្នេះហើយ យើងពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលលិខិតសរសើរ បញ្ជាក់ពីស្តង់ដារសមភាពពិភពលោកសម្រាប់ឱកាសស្មើគ្នា និងប្រាក់បៀរវត្សស្មើគ្នា។ ប៉ុន្តែវាមិនមែនន័យថា យើងឈប់បន្តពង្រឹងសមភាពនៅកន្លែងធ្វើការនោះឡើយ»

អ្នកស្រីបន្តថា «វាជាការសំខាន់ណាស់ ដែលគោលការណ៍ និងការអនុវត្តភាពចម្រុះនិងការរួមបញ្ចូលរបស់យើង ត្រូវបន្តយកមកពិនិត្យវាយតម្លៃជាប្រចាំ ដើម្បីធានាថា ក្រុមហ៊ុនយើង អាចបន្តបម្រើផលប្រយោជន៍របស់បុគ្គលិកយើងជាង៤ម៉ឺននាក់ទូទាំងពិភពលោក»

ដំណើរការវាយតម្លៃមានរយៈពេល ៨ខែ រួមមានការពិភាក្សាជាមួយបុគ្គលិកJTI នៅតាមប្រទេស ចំនួន ១៩ផ្សេងគ្នា ការពិនិត្យផ្ទៀងផ្ទាត់លើឯកសារភស្តុតាងជាង ២០០ច្បាប់ និងការធ្វើបទសម្ភាសន៍មួយទល់មួយជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន។

របាយការណ៍បញ្ជាក់ពីស្តង់ដារសមភាពពិភពលោកដោយ EY បានរកឃើញថា JTI ពិតជាបានអនុវត្តពេញលេញនូវការផ្តល់ប្រាក់បៀរវត្សស្មើគ្នា ដែលបានដុះជាប់ក្នុងវប្បធម៌របស់ក្រុមហ៊ុន ការផ្តល់ពេលវេលាធ្វើការបត់បែន ដែលក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត គឺបានផ្តល់ឱកាសដល់បុគ្គលិកក្នុងធ្វើការពីផ្ទះ ៥០% ពីការិយាល័យ ៥០% ការអនុវត្តគោលការណ៍ឈប់សម្រាកសម្រាប់គ្រួសារសម្រាប់បុគ្គលិកទូទាំងពិភពលោក ដែលផ្តល់ឱកាសដល់មាតាបិតាទាំងអស់ ទទួលបានការឈប់សម្រាកចំនួន២០សប្តាហ៍ហើយបានប្រាក់បៀវត្សពេញនៅពេលមានបុត្រថ្មី ការផ្តួចផ្តើមតាមប្រទេសនីមួយៗដើម្បីលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ដូចជាការផ្តល់វគ្គបណ្តុះបណ្តាល និងការប្រារព្ធខែមោទនភាព ហើយក្រុមបុរសលើកកម្ពស់សមភាពនៅកន្លែងធ្វើការ តាមរយៈកម្មវិធី TOGETHER (រួមគ្នា) ដែលជំរុញឲ្យបុរសនៅក្នុងក្រុមហ៊ុនចូលរួមគាំទ្រសមភាពយេនឌ័រ។

JTI តាំងចិត្តបន្តកសាងគ្រឹះរឹងមាំរបស់ខ្លួន និងដាក់ចេញនូវគោលដៅកាន់តែធំជាងមុន ក្នុងការបន្តអភិវឌ្ឍខ្លួនជាក្រុមហ៊ុនដែលផ្តល់ឱកាសស្មើគ្នា។ ក្រុមហ៊ុន គឺកំពុងដើរនៅលើផ្លូវត្រឹមត្រូវក្នុងអនុវត្តគោលការណ៍ជ្រើសរើសបុគ្គលិក កាន់តែចម្រុះនិងរួមបញ្ចូល ដើម្បីបន្តចម្រើនអាជីវកម្ម និងដើម្បីអត្ថប្រយោជន៍របស់បុគ្គលិកគ្រប់រូប៕