(សៀមរាប)៖ ប្រសិនបើភ្ញៀវទេសចរបានចូលទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោកអ្នកនឹងទទួលបានបន្ថែមនូវចំណេះដឹងអំពីវប្បធម៌ អរិយធម៌ជាតិខ្មែរ ក៏ដូចជាផ្នែកបុរាណវិទ្យា ខណៈនៅទីនេះគឺមានតម្កល់នូវវត្ថុបុរាណ ក៏ដូចជាតឹកតាងជាច្រើនរបស់មនុស្សនាសម័យបុរេប្រវត្តិ និងប្រវត្តិសាស្ត្រ។

បង្អើតអាត្មាតាមដងវិថី សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរមានទីតាំងស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាអគារពិព័រណ៍មួយបង្កប់នូវតម្លៃបញ្ញាស៉ីជម្រៅមិនអាចគណនាបាន។

ចូលទៅកាន់ខ្លោងទ្វារសារមន្ទីរ មន្ត្រីភ្នាក់ងារចេញមកទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ ហើយក៏យាត្រានាំភ្ញៀវទៅកាន់ទីពិព័រណ៍វត្ថុបុរាណ ដែលតាំងតម្កល់ច្រើនសព្វសារពើ។

ក្នុងចំណោមវត្ថុតាំងពិព័រណ៍ទាំងនោះ អ្នកទស្សនាយើងនឹងបានឃើញចម្លាក់ក្បាលនាគដ៏ធំសម្បើម ដែលជាបង្កាន់ដៃស្ពានក្នុងរចនាប័ទ្មបាយ័ន។ នៅទន្ទឹមនោះ ក៏មានចម្លាក់សត្វអណ្ដើកធំៗចំនួនពីរទៀត ដែលជាសត្វនាំលាភជ័យា ក្នុងផ្នត់គំនិតខ្មែរនាសម័យបុរាណ។ អណ្ដើកធំទាំងពីរនេះ គឺបានពីការធ្វើកំណាយនៅកណ្ដាលស្រះស្រង់ ដែលត្រូវបានបញ្ចុះនៅក្រោមបាតគ្រឹះប្រាសាទ តាំងពីសម័យមហានគរមកម្ល៉េះ។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ដោយនៅស្ដាំចម្លាក់អណ្ដើកថ្មទាំងនេះ ភ្ញៀវទេសចរនឹងបានឃើញមានទីបញ្ចុះសពសិប្បនិម្មិតមួយ ដែលមានតម្កល់នូវគ្រោងឆ្អឹង និងកុលាលភាជន៍ជាច្រើនបំណែក។ មគ្គុទ្ទេសក៍វាចារចំណានបានរ៉ាយរ៉ាប់ប្រាប់ថា គ្រោងឆ្អឹងទាំងនេះ គឺមានអាយុកាលជិត៤,០០០ឆ្នាំមកហើយ ដែលត្រូវបានរកឃើញតាមរយៈកំណាយនៅកណ្ដាលបារាយណ៍ទឹកថ្លា ហៅថា ស្ថានីយកោះតាមាស។

ក្រៅពីនោះ ក៏មានរក្សាតាំងនូវឆ្អឹងលលាដ៍ក្បាល គ្រឿងអលង្ការ បណ្ដាបំណែក និងបង្គុំកុលាលភាជន៍ ព្រមទាំងវត្ថុប្រើប្រាស់ជាច្រើនទៀតនៃមនុស្សសម័យបុរេប្រវត្តិ ដែលពួកគាត់បានមករស់នៅលើទឹកដីអង្គរយើងតាំងពីសម័យមុនគ្រិស្ដសករាជមកម្ល៉េះ។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានការប្រសិទ្ធនាមថាជាសារមន្ទីរបុរាណវិទ្យា និងពុទ្ធសាសនាដំបូងគេនៅខេត្តសៀមរាប ដោយនៅទីនោះក៏មានតាំងនូវចម្លាក់ពុទ្ធបដិមារហូតដល់ជិត៣០០បំណែកឯណោះ ប៉ុន្តែក៏មានចម្លាក់ខ្លះនៅមានរូបសណ្ឋានស្រស់ស្អាតផងដែរ។ បំណែកបដិមាទាំងនោះ ត្រូវបានរកឃើញពីការធ្វើកំណាយនៅប្រាសាទបន្ទាយក្ដី ដែលស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សុទ្ធសឹងជាស្នាដៃដ៏ល្អវិចិត្ររបស់បុព្វបុរសដូនតាខ្មែរ៕

* កម្មវិធីដំណើរខ្ញុំ នាំលោកអ្នកទៅកាន់តំបន់ទេសចរណ៍កម្សាន្តដ៏សម្បូរបែប និងជាទីគយគន់ !

សូមទស្សនាវីដេអូទេសចរណ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប ដែលផលិតដោយ Fresh Studio ក្នុងកម្មវិធី «ដំណើរខ្ញុំ» វគ្គ៦៖