(មេនឆេស្ទើ)៖ លោក Roberto Mancini ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអាសូរីអ៉ីតាលីនោះ បានស្ថិតក្នុងបញ្ជីបេក្ខជនដឹកនាំក្លិបអាជីព Manchester United ផងដែរ។

United ពុំទាន់រកបានគ្រូពេញសិទ្ធិនៅឡើយទេ ក្រោយចែកផ្លូវជាមួយលោក Ole Gunnar Solskjaer មានរយៈពេលជិត ១០ថ្ងៃមកនេះ ដ្បិតតែងតាំងលោក Ralf Rangnick ដឹកនាំបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ។

ថ្មីៗនេះដែរ លោក Mancini ក៏ទទួលបានការអនុគ្រោះក្នុងការលាឈប់ដឹកនាំក្រុមជម្រើសជាតិពីសហព័ន្ធអ៉ីតាលី ប្រសិនបើលោកចរចាត្រូវគ្នាជាមួយបិសាចក្រហមមែននោះ ក៏ព្រោះតែលោកបានសម្រេចកិច្ចការធំរួចហើយ តាមរយៈឈ្នះជើងឯក Euro 2020 មុនពេលធ្វើមិនបានល្អនៅពាន UEFA Nations League និងជម្រុះ World Cup 2022 ដែលនៅសល់កៅអីជម្រុះដ៏តានតឹងថែមទៀត។

Mancini ធ្លាប់បានដឹកនាំក្លិប Manchester City ដែលលេងនៅ Premier League មុនពេលលាឈប់កាលឆ្នាំ២០១៣ ជាមួយនឹងការឈ្នះ FA Cup ក្នុងរដូវកាលដំបូងរបស់លោកនៅទឺកដី Etihad និង ១ឆ្នាំក្រោយមកឈ្នះពានធំ Premier League សម្រេចក្តីស្រម៉ៃរបស់ក្លិបដែលរង់ចាំអស់ ៤៤ឆ្នាំ និងមានកៅអីលេងពាន UEFA Champions League លើកដំបូងថែមទៀតផង។

បុរសសញ្ជាតិអ៉ីតាលីខាងលើនេះ ក៏ស្ថិតក្នុងបញ្ជីជាមួយលោក Mauricio Pochettino របស់ក្លិប Paris Saint-Germain និង Erik ten Hag ដែលកំពុងដឹកនាំក្លិប Ajax នៅពេល Manchester United សំឡឹងឃើញក្នុងការយកមកជំនួសកៅអីលោក Ole ដែរ៕