(បរទេស)៖ បវរកញ្ញាចក្រវាឡតំណាងប្រទេសបារាំង កញ្ញា Clémence Botino ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីនាងទៅដល់ប្រទេសអ៉ីស្រាអែល ដើម្បីចូលរួមប្រកួតកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Universe» លើកទី៧០ ឆ្នាំ២០២១នេះ។

banner

បើតាមសារព័ត៌មាន Time of Israel ដំបូងឡើយ បានចេញផ្សាយថា គណៈកម្មការរៀបចំកម្មវិធី «Miss Universe» បានប្រកាសថា បេក្ខនារីម្នាក់ដែលមកចូលរួមប្រកួត ត្រូវបានរកឃើញថាមានវិជ្ជមាន ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណឡើយ និងមិនបានបញ្ជាក់នោះទេថា តើនាងមានវិជ្ជមានវីរុសបំប្លែង
ថ្មី Omicron ឬយ៉ាងណា? តែយ៉ាងណាសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា បេក្ខនារីដែលមានវិជ្ជមាននោះ គឺ កញ្ញា Clémence Botino ដែលជាបវរកញ្ញាបារាំង ខណៈកញ្ញា Botino ភ្លាមៗមិនទាន់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានាឡើយ ហើយក្រោយមកនាងក៏បានបង្ហោះសារ Instagaram ថា នាងពិតជាតក់ស្លុតយ៉ាខ្លាំង ពេលក្រុមការងារបញ្ជាក់ថា នាងមានវិជ្ជមានកូវីដ-១៩។

គណៈកម្មការរៀបចំកម្មវិធី «Miss Universe» បានបញ្ជាក់ថា បច្ចុប្បន្ននេះមានបេក្ខនារីមកពីបណ្តាប្រទេសចំនួន៨០ហើយ បានមកដល់ប្រទេសអ៉ីស្រាអែល ដើម្បីប្រកួតក្នុងកម្មវិធីបវរកញ្ញាលំដាប់ពិភពលោក «Miss Universe» ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ កម្មវិធីនេះ ក៏ត្រូវបានធ្វើឡើងដោយផ្អែកតាមវិធានការសុខាភិបាលដ៏តឹងរឹងបំផុត ឆ្លើយតបនឹងជំងឺកូវីដ-១៩បំប្លែងថ្មី។

គួរជម្រាបថា សម្រាប់កម្មវិធី «Miss Universe» កម្ពុជាក៏បានបញ្ចូនបេក្ខនារីចូលរួមប្រកួតផងដែរ។ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡតំណាងប្រទេសកម្ពុជា បានចាកចេញពីមាតុភូមិ ដើម្បីចូលរួមប្រកួតកម្មវិធីនេះ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នកញ្ញាកំពុងស្ថិតក្នុងប្រទេសអ៉ីស្រាអែល ដើម្បីត្រៀមខ្លួនប្រកួត៕