(ប៉េកាំង)៖ រដ្ឋាភិបាលនៃប្រទេសចិនគ្រោងនឹងហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកពីការចូលផ្សារហ៊ុនតាមរយៈ IPO នៅប្រទេសនោះទេ ដោយសកម្មភាពមួយនេះត្រូវបានគេមើលឃើញថាចិនកំពុងតែបិទមិនឱ្យមានការបង្កើតដើមទុនពីសំណាក់ អ្នកវិនិយោគក្រៅប្រទេស ជាពិសេសគឺពី សហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលចិនបាននិងកំពុងតែសិក្សា និងបង្កើតនូវច្បាប់វិនិយោគថ្មីសម្រាប់ក្រុមហ៊ុនក្នុងស្រុក ហើយការហាមក្រុមហ៊ុននានាមិនឱ្យចូលផ្សារមូលបត្រក្រៅស្រុកនេះគឺជាផ្នែកមួយ ដើម្បី ដោះស្រាយកង្វល់លើសុវត្ថិភាពទិន្នន័យ ពោលគឺអាចនិយាយបានក្រៅពីផ្សារហ៊ុនហុងកុងគឺមិនត្រូវបានអនុញ្ញាតឡើយ។

ក្រុមអ្នកជំនាញបានលើកឡើងថា ការដែល ក្រុមហ៊ុនានាទទួលបានការវិនិយោគពីក្រៅប្រទេសតាមរយៈការទិញហ៊ុន ឬ IPO គឺវាហាក់ដូចជា ក្រុមហ៊ុន ចិនបើកដៃឱ្យអ្នកវិនិយោគទុនប្រទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយអ្វីដែលជាពិសេសនោះគឺក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឱកាស អាចប្រមូលព័ត៌មាន ឬទិន្នន័យដែលរសើបចេញពីប្រទេសចិនបាន។

គេមិនបានដឹងថា បម្រាមថ្មីនេះអាចនឹងត្រូវអនុវត្ត ឬចេញបទប្បញ្ញត្តិជាផ្លូវការនៅពេលណានោះទេ ហើយក៏មិនទាន់ដឹងថា ក្រុមហ៊ុនដែលបាន ចូល ផ្សារហ៊ុននៅក្រៅប្រទេសនឹងត្រូវមានការកែប្រែឡើងវិញយ៉ាងណានោះទេ ខណៈដែលថ្មីៗនេះរដ្ឋាភិបាលចិនបានហាមឃាត់ក្រុមហ៊ុនផ្ដល់ សេវាកម្ម ជួយកង់ជិះដ៏ធំ Didi Global Inc មិនឱ្យឈានជើងចូលផ្សារហ៊ុន New York និង Wall Street។

គួរបញ្ជាក់ផងដែរថា មួយរយៈក្រោយនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Alibaba, Tencent និង ByteDance Ltd គឺសុទ្ធតែទទួលបានសម្ពាធ ពីសំណាក់រដ្ឋាភិបាលចិនពាក់ព័ន្ធករណីរំលោភបំពានសិទ្ធិឯកជន, សិទ្ធិផ្ដាច់មុខ និងករណីផ្សេងៗជាច្រើនទៀត៕