(កំពង់ចាម)៖ មានការចាប់អារម្មណ៍ពេញបណ្តាញសង្គម ដោយសារតែមហាជន ស្រាប់តែបានឃើញតារាចម្រៀងលោក នៅ ស៊ីនឿន និងភរិយា បានរួមសហការគ្នាទៅថតរូបមង្គលការ «Pre-Wedding» ទុកជាអនុស្សាវរីយ៍នៅលើស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ «ស្ពានភ្ជាប់និស្ស័យ»។ ស្ពាននេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ មានការអបអរសាទរជាខ្លាំង ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយសម្រួលការធ្វើដំណើរបានមួយចំណែកយ៉ាងធំ សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅតំបន់នោះ។ ការថតរូបដ៏មានអត្ថន័យរបស់តារាចម្រៀង នៅ ស៊ីនឿន នាស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ នឹងជួយពញ្ញាក់អារម្មណ៍គូស្នេហ៍ដទៃទៀត រួមគ្នាទៅផ្តិតរូបបែបសុភមង្គល ពីស្ពានមិត្តភាពកម្ពុជាចិន នៃស្រុកក្រូចឆ្មានេះបន្ថែមទៀត។

តារាចម្រៀងលំដាប់យុវវ័យ លោក នៅ ស៊ីនឿន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ឆាប់ៗនេះ លោក និងអនាគតភរិយាជិតបានក្លាយជាប្ដីប្រពន្ធពេញសិទ្ធិហើយ ក្រោយពេលរង់ចាំថ្ងៃសំពះផ្ទឹមអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីភ្ជាប់ពាក្យរួចរាល់។ លោកនិងភរិយា ជាអាណិកជនរស់នៅអាមេរិក បានស្គាល់ចិត្តថ្លើមគ្នាយូរមកហើយ តែហេតុតែចង់រៀបការ ក្រាបក្បាលដល់កន្ទេល ពេញមុខពេញមាត់និងអធិកអធ័ម លោកសុខចិត្តតស៊ូ ឆ្លងកាត់ឧបសគ្គជាច្រើន រហូតជិតដល់ថ្ងៃចូលរោងការ នាខែធ្នូចុងឆ្នាំនេះ។ នៅ ស៊ីនឿន បន្តថាលោក និងប្រពន្ធដ៏តូចច្រឡឹងស្រស់ស្អាតនោះ នឹងប្រារព្ធពិធីមង្គលការ ឲ្យផ្អើលគេឯងនាថ្ងៃទី២២ ធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ អ្វីដែលគេមិននឹកស្មានដល់នោះ ស្រាប់តែរូបលោកដឹកដៃគូស្នេហ៍ បណ្តែតមនោសញ្ចេតនា នៅលើស្ពានដ៏ថ្មីថ្មោង ទើបតែសាងសង់រួច ដែលកម្រនឹងមាននរណានឹកឃើញ។

មហាជនបានចាត់ទុកថា តារាងចម្រៀង នៅ ស៊ីនឿន និងអនាគតភរិយា បានក្លាយជាគូស្នេហ៍ទី១ ដែលមានគំនិតមកផ្ដិតយករូបភាព ដ៏ស្រស់ត្រកាល នៅលើ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលថ្នាក់ដឹកនាំប្រទេសគឺ សម្ដេចតេជោ ហ៊ុន សែន ទើបតែ ប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីពេលថ្មីៗនេះ។ រូបភាព «Pre-Wedding» នេះ នឹងជម្រុញឲ្យគូស្នេហ៍ដទៃទៀត មិនថាតែអ្នកស្រុកក្រូចឆ្មារ ឬស្រុកស្ទឹងត្រង់នោះទេ រួមគ្នាមកថតរូបតាំងលម្អ សម្រាប់ថ្ងៃមង្គលការកូនប្រុសស្រីផ្សេងៗទៀត ជាក់ជាមិនខាន។

សូមបញ្ជាក់ថា «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានសម្ពោធថ្មីនេះថាជា «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ស្ពានភ្ជាប់និស្ស័យ» នេះមានន័យទូលំទូលាយណាស់ ព្រោះប្រៀបដូចជាការភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន។

ស្របពេលជាមួយគ្នា នឹងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អ្នកដែលត្រៀមរៀបការ ឬរៀបការហើយ ចង់ថតរូបអនុស្សាវរីយ៍នានា ឬថត Pre-Wedding គប្បីថតនៅតាមបណ្ដាស្ពាន ហើយក៏មិនត្រូវបោះបង់ចោលស្ពានភ្ជាប់និស្ស័យ នៅស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ ដែលសម្ដេចហៅស្ពាននេះថា ជាចំណងមួយទាក់ទងធំណាស់។

បើតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន បានឲ្យដឹងថា «ស្ពានមិត្តភាពកម្ពុជា-ចិន» មានប្រវែង១១៣៣ម៉ែត្រ ទទឹងមានប្រហែង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង A មេ ប្រើរយៈពេលសាងសង់៤២ខែ ចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារ។ ស្ពាននេះស្ថិតនៅចំណុច ភូមិបឹងដែង ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត។ នេះជាស្ពានថ្មីមួយទៀត ដែលតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ៕