(បរទេស)៖ ខណៈកម្មវិធីប្រកួតបវរកញ្ញា «Miss Universe» លើកទី៧០ គ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ ដែលមានប្រទេសអ៉ីស្រាអែលធ្វើជាម្ចាស់ផ្ទះ រហូតមកទល់នឹងពេលនេះ គេឃើញមានបេក្ខនារីមកពីបណ្តាប្រទេសនានាលើពិភពលោក សរុបប្រមាណ៨០ប្រទេស បានជួបជុំគ្នាហើយ នៅអ៉ីស្រាអែល ដើម្បីត្រៀមខ្លួនប្រកួត។ តែយ៉ាងណា ងាកមកប្រទេសក្នុងតំបន់អាស៊ានចំនួន៣ គឺប្រទេសឥណ្ឌូនេស៉ី, ម៉ាឡេស៉ី និងឡាវ បានប្រកាសពីការដកខ្លួន មិនបញ្ជូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន ចូលរួមប្រកួតឡើយ ដោយសារតែព្រួយបារម្ភនឹងវីរុសកូវីដ-១៩បំប្លែងថ្មី «Omicron» និងកត្តាមួយចំនួនទៀត។

ថ្មីៗនេះប្រទេសឥណ្ឌូនេស៉ី បានប្រកាសពីការសម្រេចចិត្ត ដកខ្លួនចេញពីការប្រកួតកម្មវិធី «Miss Universe» លើកទី៧០ ដែលមានប្រទេសអ៉ីស្រាអែល ធ្វើជាម្ចាស់ផ្ទះ ខណៈមូលហេតុ គឺដោយសារតែព្រួយបារម្ភពីវីរុសកូវីដ-១៩។ ប្រទេសចំនួន២ទៀត នៅតំបន់អាស៊ានដែលមិនបានបញ្ជូនបេក្ខនារីរបស់ខ្លួនទៅប្រកួត គឺប្រទេសម៉ាឡេស៉ី និងប្រទេសឡាវ ដោយអះអាងថា មកពីកត្តាស្ថានភាពកូវីដ-១៩ដូចគ្នាផងដែរ។

កម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ «Miss Universe» ត្រូវបានគេដឹងថា ឆ្លងកាត់ព្យុះភ្លៀង និងរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនរួចទៅហើយ ចាប់តាំងពីគណៈកម្មការរៀបចំកម្មវិធីនេះ បានប្រកាសថា អ៉ីស្រាអែលធ្វើជាម្ចាស់ផ្ទះមក ពីព្រោះតែប្រទេសនេះត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើឃោរឃៅប្រឆាំងនឹងប៉ាឡេស្ទីន។

ជាក់ស្តែងកាលពីខែតុលាកន្លងទៅនេះ បវរកញ្ញាចក្រវាឡតំណាងប្រទេសក្រិច Rafaela Plastira បានប្រកាសថា មិនចូលរួមប្រកួតក្នុងកម្មវិធីនេះឡើយ មូលហេតុគឺមិនមែនដោយសារព្រួយបារម្ភជំងឺកូវីដ-១៩ទេ ប៉ុន្តែគឺដើម្បីបង្ហាញពីសាមគ្គីភាព និងមិត្តភាពជាមួយប្រទេសប៉ាឡេស្ទីន។

គួរជម្រាបថា បេក្ខនារីតំណាងប្រទេសមកពីជុំវិញពិភពលោក សរុបប្រមាណ៨០រូប រួមទាំងបេក្ខនារីរបស់កម្ពុជាផងនោះ បានទៅដល់ប្រទេសអ៉ីស្រាអែលហើយ ដើម្បីត្រៀមខ្លួនប្រកួតកម្មវិធី «Miss Universe» លើកទី៧០។ ក្នុងចំណោមនោះ បេក្ខនារីតំណាងប្រទេសបារាំង ក៏ត្រូវបានរាយការណ៍ថា មានវិជ្ជមានកូវីដ-១៩ផងដែរ ដោយកំពុងទទួលការព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក៕