(ភ្នំពេញ)៖ បន្ទាប់ពីបានចូលខ្លួន ក្នុងទីផ្សារមូលបត្រកម្មសិទ្ធ ប្រហែលរយៈពេលបីខែកន្លងមកនេះ ក្រុមហ៊ុន DBD Engineering នៅតែបន្តពង្រីកខ្លួន ទៅមុខទៀត ជាមួយគំម្រោងដេញថ្លៃ ក៏ដូចជាផែនការក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យមានភាពរឹងមាំក្នងការ បន្តដំណើរទៅមុខ។

ខាងក្រោមនេះ គឺជាផែនការដ៏ធំសម្រាប់នាពេលអនាគត របស់ក្រុមហ៊ុន DBD Engineering ៖

ការពង្រីកសមត្ថភាពនៅក្នុងការផលិតនិងប្រព័ន្ធស្វ័យផលិត (Air Ducting / Trunking / Wire Way / Cable Ladder / Cable Tray)៖ ដោយសារតែការផលិត របស់ពួកយើង បានឈានទៅដល់សមត្ថភាពអតិបរិមា ដែលបណ្តាលមកពីតំរូវការរបស់គំរោងមានការកើនឡើង (ការព្យាករណ៍ទុកថា នឹងកើនរហូតដល់ ១៥០លានដុល្លារ ក្នុងឆ្នាំ២០២២) ដែលធ្វើឲ្យការផលិតសឹងតែមិនអាចផ្គត់ផ្គង់បានសំរាប់គំរោង បានធ្វើឲ្យយើងសឹងតែមិនអាច មានការផ្គត់ផ្គង់ខាងផ្នែកនាំចេញបាន។

ដូច្នេះ ជាមួយនឹងអាគារថ្មី ដែលកំពុងសាងសង់លើដី ១ម៉ឺនម៉ែត្រការ៉េ ពួកយើងនឹងពង្រីកដីឃ្លាំង បូករួមនឹងគ្រឿងចក្រផលិត ដែលនឹងនាំឲ្យវិស័យការផលិត ឲ្យមានកំរិតអតិបរិមាច្រើនជាងមុន ដើម្បីពង្រឹងខាងទីផ្សារនាំចេញដែលជាផ្នែកចំនេញធំមួយផ្នែក របស់ក្រុមហ៊ុនដើម្បីឲ្យទាន់សម័យកាលរីកចំរើនរបស់ក្រុមហ៊ុន។

ការអនុវត្តន៍នូវប្រព័ន្ធស្តង់ដាអន្តរជាតិ ISO 9001:2015 (Quality Management) & ISO 45001:2018 (Occupational Health and Safety)៖
ជាផ្នែកមួយថ្មីសំរាប់ DBD Engineering ពួកយើងនឹងចាប់ផ្តើមអនុវត្តន៍ប្រព័ន្ធស្តង់ដាអន្តរជាតិ ដែលនឹងជួយពង្រឹងក្នុងផ្នែករក្សាគុណភាព ការងារដើម្បីបំពេញតំរូវការរបស់អតិថិជន ក៏ដូចជាម្ចាស់គម្រោងឲ្យមានទំនុកចិត្ត ក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន DBD Engineering ។

ក្នុងប្រព័ន្ធស្តង់ដានេះដែរ ក៏ជាផ្នែកមួយដែលរក្សាសុវត្ថិភាពដល់បុគ្គលិកដែលកំពុងបំពេញការងារ កាត់បន្ថយគ្រោះហានិភ័យជាយថាហេតុណាមួយ ក៏ដូចជាសុខមាលភាពរបស់បុគ្គលិកជាចំបង។ ទាំងនេះនឹងនាំឲ្យបុគ្គលិកនឹងអតិថិជនមានទំនុកចិត្ដក្នុងការសហការ ក៏ដូចជាការរក្សាគុណភាព និងគុណតម្លៃរបស់ក្រុមហ៊ុន DBD Engineering ផងដែរ។

ការផ្លាស់ប្តូរ ឬការពង្រឹងផ្នែកប្រតិបតិ្តការឲ្យមានប្រសិទ្ធិភាពជាងមុន និងចាប់ដៃគូជាមួយវិនិយោគិនយុទ្ធសាស្រ្ត (Strategic Investor)៖ ដោយសារក្រុមហ៊ុន បានចាប់ផ្តើមចេញពីអាជីវកម្មខ្នាតតូចបែបគ្រួសារ ទៅរកអាជីវកម្មខ្នាតធំបែបអន្តរជាតិ ការកើនឡើងនៃធនធានមនុស្សក៏កាន់តែច្រើន ដែលធ្វើឲ្យការគ្រប់គ្រងផ្នែកធនធានមនុស្សគឺជាកត្តាមួយសំខាន់ដើម្បីឲ្យក្រុមហ៊ុនមានដំណើរការទៅមុខបានល្អនិងទាន់ការរីកចម្រើនរបស់ក្រុមហ៊ុន។
ចំណែកកត្តាសំខាន់មួយទៀតនោះ គឺការស្វែងរក និងចាប់ដៃគូជាមួយវិនិយោគិនយុទ្ធសាស្រ្ត ដើម្បីឲ្យក្រុមហ៊ុនពង្រីកខ្លួន កាន់តែធំនិងអភិវឌ្ឍទៅរកស្តង់ដារ ដែលយើងរំពឹងទុកពីក្រុមហ៊ុននោះ គឺការឈានជើងចូលទីផ្សារអន្តរជាតិ៕