(សេអ៊ូល)៖ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍មកថា គ្រោងផ្ដោបផ្ដាប់ទីផ្សារស្មាតហ្វូនសកលចំនួន ២២ភាគរយនៅក្នុងឆ្នាំ ២០២២ ដែល គោលដៅដ៏មហិច្ឆតាមួយនេះត្រូវបានធ្វើឡើងស្របពេលដែលពិភពលោកទាំងមូលកំពុងជួបវិបត្តិកូវីដ១៩ និងកង្វះខាតបន្ទះឈីប ជាសកល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ខាងមុខនេះ ការលក់ ស្មាតហ្វូននៅទូទាំងពិភពលោកត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួនរហូតដល់ ១,៥២ពាន់លានគ្រឿង ដោយក្នុងនោះ ប្រហែលជា មានស្មាតហ្វូនចំនួន ៣៩០លានគ្រឿងជារបស់ Samsung ដែលស្មើនឹង ២១,៩ភាគរយនៃស្មាតហ្វូនសរុប។

ប្រភពមកពីប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងចំណោមស្មាតហ្វូនទាំង ៣៩០លានគ្រឿងរបស់ Samsung នោះគឺមាន ត្រកូល Samsung Galaxy S22 ចំនួន ៣៣លានគ្រឿង ដែល ១៤លានគ្រឿងជា Galaxy S22, ៨លានគ្រឿងជាម៉ូដែល S22+ និង ១១លានគ្រឿង ទៀតជា S22 Ultra។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ក៏រំពឹងផងដែរថា ស្មាតហ្វូនត្រកូល Galaxy A នឹងអាចផ្ដោតបាន ចំណែកទីផ្សារស្មាតហ្វូន តម្លៃ ទាប និងមធ្យម យ៉ាងហោចណាស់ចំនួន ២៦៧លានគ្រឿងត្រូវបានលក់នៅក្នុងឆ្នាំ ២០២២។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung កំពុងសម្លឹងឃើញឱកាសល្អសម្រាប់វាយលុកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន ក្នុងស្រុក Huawei បានទម្លាក់ដៃក្នុងការផលិតស្មាតហ្វូន ហើយ Samsung ក៏រំពឹងផងដែរថា ស្មាតហ្វូនត្រកូល Galaxy A នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការប្រជែងទីផ្សារក្នុងប្រទេសចិន៕