(បរទេស)៖ តារាចម្រៀងស្រីល្បីឈ្មោះ និងជាអ្នកជំនួញនារីមានប្រាក់ពាន់លានដុល្លារអាមេរិក គឺ Rihanna ថ្មីៗនេះត្រូវបានតែងតាំងជា «វីរនារី» តំណាងប្រទេសបាបាដូស ដែលជាប្រទេសកំណើតរបស់នាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

ពិធីតែងតាំងតារាចម្រៀងស្រី Rihanna ឲ្យធ្វើជាវីរនារីប្រចាំប្រទេស គឺក្នុងឱកាសពិធីអបអរសាទរប្រទេសបាបាដូស បានក្លាយជាសាធារណៈរដ្ឋផ្លូវការ ខណៈរហស្សនាមនេះត្រូវបានផ្តល់ដោយនាយករដ្ឋមន្ត្រីបាបាដូស លោកស្រី Mia Mottley។ មូលហេតុនៃការផ្តល់រហស្សនាមបែបនេះទៅកាន់ Rihanna គឺដោយសារតែនាងមានភាពល្បីល្បាញ និងនាំកិត្តិយសជាច្រើនជូនជាតិរបស់នាង តាមរយៈសកម្មភាព និងស្នាដៃរបស់នាង។

ការទទួលបានរហស្សនាមនេះ បានធ្វើឲ្យតារាស្រីវ័យ៣៣ឆ្នាំ Rihanna ក្លាយជាបុគ្គលទី១១នៃប្រទេសបាបាដូសដែលទទួលបានតំណែងជា «National Hero» នេះ ហើយនាងទើបតែជាស្ត្រីទីពីរប៉ុណ្ណោះ ដែលទទួលបានតំណែងដ៏ខ្ពង់ខ្ពស់មួយនេះ។

គួរជម្រាបថា បើតាមទស្សនាវដ្តី Forbes នៅខែសីហាកន្លងទៅនេះ បានសន្និដ្ឋានថា ប្រាក់សុទ្ធរបស់តារាចម្រៀង Rihanna គឺមានប្រមាណ ១.៧ពាន់លានដល្លារអាមេរិក ខណៈ ១.៤ពាន់លានដុល្លារ គឺបានមកពីមុខជំនួញ ប្រេនគ្រឿងសំអាងរបស់នាងឈ្មោះថា Fenty Beauty និងការសហការជាមួយម៉ូតសម្លៀកបំពាក់បារាំង LVMH៕